ក្រុមហ៊ុន Cadillac បានបង្ហាញចេញរថយន្តគំរូ Lyriq Concept ដែលជារថយន្តអគ្គិសនីដំបូងរបស់ខ្លួនកាលពីឆ្នាំ២០២០កន្លងទៅ ហើយពេលនេះផលិតផលសម្រេចចុងក្រោយបានបង្ហាញវត្តមានជាផ្លូវការជាមួយម៉ូដែល Lyriq ស៊េរីឆ្នាំ២០២៣។
រថយន្ត Lyriq ស៊េរីឆ្នាំ២០២៣ បានរក្សារចនាបថរូបរាងដូចជារថយន្ត Lyriq Concept អ៊ីចឹងដែរ ជាមួយរូបរាងដែលមើលទៅទំនើប និងទាន់សម័យសមជារថយន្តអគ្គិសនីដែលជារថយន្តអនាគត។ រថយន្តនេះមានប្រវែង ៤៩៩៦ម.ម មានទទឹងទំហំ ១៦២៣ម.ម មានកម្ពស់ ១៦២៣ម.ម និងមានប្រវែងពីកង់មុខទៅកង់ក្រោយ ៣០៩៤ម.ម។
រថយន្តនេះនឹងមានបំពាក់ដោយអាគុយចំណុះ ១០០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីចំនួនមួយបំពាក់នៅផ្នែកខាងក្រោយដែលអាចផលិតកម្លាំងបានប្រមាណ ៣៤០សេះ។ Cadillac និយាយថារថយន្តនេះនឹងអាចបើកបរបានចម្ងាយលើសពី ៤៨៣គីឡូម៉ែត្រពេលសាកភ្លើងពេញ។
ចំពោះការសាកភ្លើងវិញរថយន្ត Lyriq ឆ្នាំ២០២៣នេះមានប្រើប្រាស់បច្ចេកវិទ្យាសាកកម្លាំង ១៩០គីឡូវ៉ាត់ ដែលសាក១០នាទីអាចជិះបានចម្ងាយ ១២២គីឡូម៉ែត្រ ហើយសាក៣០នាទីអាចជិះបាន ៣១៤គីឡូម៉ែត្រ។
Cadillac នឹងទទួលយកការកុម្ម៉ង់ទិញរថយន្ត Lyriq នេះក្នុងខែកញ្ញា ជាមួយតម្លៃនឹងមានចាប់ពី ៥៩ ៩៩០ដុល្លារ ដែលរំពឹងថានឹងដឹកជញ្ជូនជូនអតិថិជនចាប់ផ្ដើមពីឆមាសទីមួយនៃឆ្នាំ២០២២៕