ឡានអគ្គិសនីលក់ដាច់ជាងគេរបស់ចិន លក់ចេញមួយគ្រឿងចំណេញតែ ១៤ដុល្លារ

Hong Guang MINI EV គឺជារថយន្តអគ្គិសនីដែលលក់ដាច់បានច្រើនជាងគេលើទីផ្សារប្រទេសចិនកាលពីឆ្នាំ២០២០កន្លងទៅ ដែលវាជារថយន្តរួមសហការផលិតរវាងក្រុមហ៊ុន General Motors និងក្រុមហ៊ុន Wuling។

ចំណុចទាក់ទាញធំបំផុតរបស់រថយន្តអគ្គិសនីខ្នាតតូចនេះគឺតម្លៃរបស់វា ដែលមានតម្លៃប្រមាណជាង ៤ពាន់ដុល្លារប៉ុណ្ណោះ ហើយបើតាមការរាយការណ៍របស់ Xcar បានឲ្យដឹងថាលុយចំណេញពីរថយន្តគឺមានមិនច្រើនឡើយ។ របាយការណ៍បាននិយាយថាក្រុមហ៊ុន General Motors និង Wuling ចំណេញបាន ៨៩យ័ន (ប្រមាណ ១៣,៧៣ដុល្លារ) ពីរថយន្តមួយគ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការព្យាករណ៍មួយចំនួនបានប៉ាន់ស្មានថារថយន្តអគ្គិសនីខ្នាតតូចនេះនឹងអាចលក់ចេញបានរហូតដល់ ៤០ម៉ឺនគ្រឿងនៅឆ្នាំ២០២១នេះ ដែលមានន័យថាក្រុមហ៊ុនទាំងពីរខាងលើនឹងទទួលបានប្រាក់ចំណេញប្រមាណជិត ៥,៥លានដុល្លារពីរថយន្តនេះ។

Hong Guang MINI EV មានបំពាក់ម៉ូទ័រដែលផលិតកម្លាំងបាន ១៧,៤សេះ និងមានជម្រើសអាគុយទំហំ ៩,២kWh ឬទំហំ ១៣,៨ kWh។ រថយន្តនេះអាចបើកបរបានចម្ងាយ ១២០គីឡូម៉ែត្រ ហើយចំពោះអាគុយធំអាចបើកបរបានចម្ងាយ ១៧០គីឡូម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម