[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា SAIC និង MAXUS បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Maxus Mifa 6 ស៊េរីឆ្នាំ ២០២៣ ប្រភេទ SUV អគ្គិសនីសុទ្ធ មាន ២ ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ២៨ ១៧០ ដុល្លារ (28,170$) ដល់ ៣១ ៩៧៧ ដុល្លារ (31,977$) នៅក្នុងទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងសរុប ៤ ៧៣៥ ម.ម ទទឹង ១ ៨៦០ ម.ម កំពស់ ១ ៧៣៦ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦០ ម.ម ។ SAIC MAXUS MIFA 6 ផ្នែកខាងក្រៅមានការរចនាស្រដៀងទៅនឹងរថយន្ត EUNIQ 6 ដោយមានប៉ាណាមុខបិទជិតជាមួយឡូហ្គោអក្សរ MAXUS លេចធ្លោនៅចំកណ្តាល ចង្កៀងមុខ LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងក្រោយ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។
ចំពោះនៅខាងក្នុងអាចកំណត់ជា ៥ កៅអី និង ៦ កៅអី មានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen រចនាបញ្ឈរទំហំ ១០,៤ អ៉ីញ និងអេក្រង់ទំហំ ១៤ អ៊ីញគឺជាជម្រើសសម្រាប់ម៉ូដែលកម្រិតខ្ពស់ផងដែរ ។ លើសពីនេះ ក៏មានមកជាមួយកៅអី និងដៃចង្កូតស្រោបដោយស្បែក ប្រអប់លេខអគ្គិសនី ឧបករណ៍បំពងសំលេង ៦ ចំនុច អេក្រង់បង្ហាញលើកញ្ចក់ និងដំបូលកញ្ចក់ panoramic sunroof ជាដើម ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ១៥៨ សេស និងកម្លាំងរមួល ២២៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤១០ គីឡូម៉ែត្រ និងអាគុយទំហំ ៧០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ៕