ឡានអគ្គិសនីសុទ្ធ NETA V សាកថ្មម្តងជិះបានជិត ៤០០ គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Neta Auto (Thailand) Co., Ltd នឹងធ្វើការ​ដាក់​បង្ហាញចេញ​ជា​ផ្លូវ​ការ​នៃ​រថយន្ត​អគ្គិសនីសុទ្ធ NETA V ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ថៃ នៅថ្ងៃទី​ ២០ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់​ពី​ត្រូវ​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​កម្មវិធី Bangkok International Motor Show 2022 កាល​ពី​ខែ​មីនា​កន្លង​ទៅ ចំពោះតម្លៃលក់ NETA V នៅក្នុងប្រទេសថៃ ទំនងជាមានតម្លៃចាប់ពី ១៦ ៩១៦ ដុល្លារ។

ក្រុមហ៊ុន NETA AUTO គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីសុទ្ធមកពីប្រទេសចិនដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤។ បច្ចុប្បន្ននេះ មានរថយន្តអគ្គិសនីចំនួន ៣ នៅលើទីផ្សារគឺ NETA U, NETA V និង NETA S ជាមួយការលក់សរុបមានចំនួនជាង ១៤០ ០០០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត NETA V ដែលជារថយន្តប្រភេទ SUV ដើរដោយថាមពលអគ្គិសនីមានប្រវែងរថយន្តសរុប ៤ ០៧០ ម.ម ទទឹង ១ ៦៩០ ម.ម កម្ពស់ ២ ៤២០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៤២០ ម.ម ភ្ជាប់មកជាមួយតួរថយន្តទ្វារ ៥ និងផ្នែកខាងក្នុងដែលអាចដាក់បាន ៥ កៅអីផងដែរ។

NETA V ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនី ៩៥ សេះ អាចបង្កើនល្បឿនពី ០-៥០ គីឡូម៉ែត្រ/ម៉ោងក្នុងរយៈពេលតិចជាង ៣,៩ វិនាទី និងល្បឿនអតិបរម៉ា ១០១ គីឡូម៉ែត្រ/ម៉ោង ភ្ជាប់ជាមួយអាគុយទំហំ ៣៨,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ៣៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង គាំទ្រមុខងារសាកថ្ម Type 2 AC និងប្រភេទ CCS DC ដែលពេញនិយមនៅក្នុងប្រទេសថៃ។

ចំពោះ NETA V ដែលដាក់តាំងក្នុង Motor Show នោះ គេអាចសង្កេតឃើញថា មានដៃចង្កូតនៅផ្នែកខាងស្តាំសម្រាប់ទីផ្សារប្រទេសថៃ។ ភ្ជាប់មកជាមួយអេក្រង់កំសាន្តបញ្ឈរទំហំ ១៤,៦ អ៊ីញ ជាមួយនឹងកុងទ័រព័ត៌មានឌីជីថលដែលដាក់នៅខាងលើកុងសូល កំណែចិនក៏ត្រូវបានបំពាក់ដោយ AI-powered voice recognition, built-in support for the TikTok app ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម