Nissan ដាក់លក់ឡានអគ្គិសនីសុទ្ធថ្មី សាកភ្លើងម្តងជិះបាន ៦១០ គីឡូម៉ែត្រ ឯតម្លៃចាប់ខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញ និងលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Nissan Ariya ស៊េរីឆ្នាំ ២០២៤ នៅទីផ្សារប្រទេសជប៉ុន ជាមួយតម្លៃលក់ចាប់ពី ៤៤ ៥៤៣ ដុល្លារ ដល់ ៥៨ ១៥០ ដុល្លារ ។

Nissan Ariya Nismo របស់ប្រទេសជប៉ុន ទទួលបានថាមពល ២ ជម្រើសរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣៦២ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង
  • បំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤២៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។

ទាក់ទងទៅនឹងការឌីស្សាញផ្នែកខាងក្រៅរបស់រថយន្តនេះ មានប៉ាណាមុខបិទជិត អបសងខាងដោយចង្កៀងមុខប្រភេទគុជចំនួន ៤គ្រាប់ ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទភ្លោះ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១០ចំនុច ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម