[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ GAC AION V ជំនាន់ទី ២ ស៊េរីឆ្នាំ ២០២៤ ប្រភេទ Crossover នៅឯពិព័រណ៍រថយន្ត Beijing Auto Show 2024 ដែលធ្វើឡើងចាប់ពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៤ នៅប្រទេសចិន ។
GAC AION V ស៊េរីឆ្នាំ ២០២៤ ត្រូវបានបំពាក់ជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៧៥០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង រួមទាំងបច្ចេកវិទ្យា ITS2.0 ជំនាន់ទី២ ដែលអាចសាកថ្មត្រឹម ១៥នាទី ក៏អាចបើកបរបចម្ងាយ ៣៧០គីឡូម៉ែត្រផងដែរ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៦០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៧៥ ម.ម ដោយរូបរាងផ្នែកខាងក្រៅមានការឌីស្សាញបែប Premium ជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អបសងខាងដោយចង្កៀងមុខ LED រាងជាអក្សរ H ក៏ដូចជាកាង spoiler ជាប់ដំបូលលយចេញមកក្រៅ រួមទាំងចង្កៀងក្រោយ LED រចនាបែបបញ្ឈរ និងអក្សរ AION នៅចំកណ្តាលជាដើម។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កៅអីផ្នែកខាងមុខអាចលៃតម្រូវបានតាមរយៈថាមពលអគ្គិសនីចំនួន ៨របៀប អាចបត់បាន ១៣៧ ដឹក្រេរួមទាំងបង្វិលបាន ក៏ដូចជាឧបករណ៍បំពងសំលេងដ៏ប្រណិតចំនួន ៩ទីតាំង ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តការ ADiGO 5.0 ដែលជំនួយដល់ប្រព័ន្ធ AI ទៀតផង ៕