[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសវៀតណាម Vinfast បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Vinfast VF 5 នៅក្នុងទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ១៧ ៥០៤ ដុល្លារ ។
Vinfast VF 5 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៣៤ សេះ និងកម្លាំងរមួល ១៣៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៣១,២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចន្ងាយ ២៦៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មជាមួយឆ្នាំងសាកល្បឿនលឿនប្រើរយៈពេល ៣០នាទីប៉ុណ្ណោះ ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ៩៦៥ មម ទទឹង ១ ៧២០ ម.ម កំពស់ ១ ៥៨០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥១៣ ម.ម ។ សម្រាប់ការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានរបាអូសកាត់ជាមួយអក្សរ V នៅចំកណ្តាលដែលជាអត្តសញ្ញាតិរបស់ក្រុមហ៊ុន ប្រើប្រាស់ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ប្រភេទស្ព័រជាដើម ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨អ៉ីញ អាចប្រើជាមួយមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ។ លើសពីនេះ ក៏ទទួលបានចំណាត់ថ្នាក់សុវត្ថិភាពផ្កាយ ៥ ពីអង្គភាពវៃតម្លៃប្រចាំតំបន់អាស៊ី ASEAN NCAP ទៀតផង ៕