ឡានអគ្គិសនីសុទ្ធរបស់ Chery សាកភ្លើងជាង ២០នាទី អាចបើកបរបានចម្ងាយ ៤៣០គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ OMODA E5 EV ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៣១ ២២២ ដុល្លារ ។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery OMODA E5 EV បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ៤៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយគាំទ្រដោយឆ្នាំងសាកល្បឿនលឿន ដែលអាចសាកពី ៣០-៨០% ប្រើរយៈពេល ២៨នាទីប៉ុណ្ណោះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៤២៤ ម.ម ទទឹង ១ ៨៣០ ម.ម កំពស់ ១ ៥៨៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៣០ ម.ម និងភ្ជាប់មកជាមួយផ្នែកខាងក្រៅជាស្តង់ដារដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨អ៉ីញ និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់ touchscreen ទំហំ ២៤,៦ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសំលេងម៉ាក Sony ចំនួន ៨ចំនុច ដំបូលកញ្ចក់ Panoramic Sunroof និងកន្លែងសាកថ្មឥតប្រើខ្សែផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម