[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត GAC AION S MAX ប្រភេទអគ្គិសនីសុទ្ធមាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ២០ ៩៧៧ ដុល្លារ ដល់ ២៨ ៣៩៥ ដុល្លារនៅទីផ្សារប្រទេសចិន ។
GAC AION S MAX មានប្រវែងតួខ្លួនសរុប ៤ ៨៦៣ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៥១៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦០ ម.ម ដោយមានការរចនានៅផ្នែកខាងក្រៅបែបស្ព័រ ជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED ជាមួយមុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងអំពូលបំភ្លឺពេល និងកាត់អ័ព្ទក៏ជាប្រភេទ LED ត្រឡោកកញ្ចក់ក្តោបអូតូ និងថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្របច្ចេកវិទ្យា ADiGO4.5 system និងប្រព័ន្ធបញ្ជាដោយសំឡេង AI ផងដែរ ។ លើសពីនេះ ក៏បានបំពាក់ឧបករណ៍បំពងសំឡេង ១១ ចំនុច កន្លែងសាកថ្មឥតប្រើខ្សែ ព្រមទាំងដំបូលកញ្ចក់ panoramic sunroof ទៀតផង ។
ទាក់ទងទៅនឹងផ្នែកថាមពលវិញ រថយន្តនេះ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៤១ សេះ ផ្គួបជាមួយអាគុយទំហំ ៦៧,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦១០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងមានមុខងារបញ្ចុះកំដៅអាគុយពេលក្តៅផងដែរ ៕