ឡានអគ្គិសនីសុទ្ធរបស់ Toyota លក់នៅអាមេរិក តម្លៃត្រឹមចាប់ពីជាង៤ម៉ឺនដុល្លារស្ដើង

[ទីផ្សារបរទេស] រថយន្ត Toyota bZ4x ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ Toyota បានប្រកាសអំពីតម្លៃលក់ជាផ្លូវការ​ដែល​មាន​ចាប់​ផ្ដើម​ពី ៤២ ០០០ដុល្លារ មុនការបូកបញ្ចូលតម្លៃដឹកជញ្ជូន ១ ២១៥ដុល្លារ ក៏ដូចជាប្រាក់ឧបត្តម្ភដទៃទៀត​សម្រាប់រថយន្តអគ្គិសនី។

រថយន្តអគ្គិសនីសុទ្ធនេះ លក់នៅសហរដ្ឋអាមេរិក មានចែកចេញជាបួនប្រភេទផ្សេងគ្នា រួមមាន XLE ប៉ុងមួយ ដែលមានតម្លៃចាប់ពី ៤២ ០០០ដុល្លារ, ប្រភេទ Limited ប៉ុងមួយ តម្លៃចាប់ពី ៤៦ ៧០០ដុល្លារ, ប្រភេទ XLE ប៉ុងពីរ មានតម្លៃចាប់ពី ៤៤ ០៨០ដុល្លារ និងប្រភេទ Limited ប៉ុងពីរ មានតម្លៃចាប់ពី ៤៨ ៧៨០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត bZ4x ប្រភេទប៉ុងមួយ មានបំពាក់អាគុយចំណុះ ៧១,៤kWh ដែលមានម៉ូទ័រអគ្គិសនីចំនួនមួយអាចផលិត​កម្លាំង​បាន ២០១សេះ។ ការរៀបចំនេះអាចឲ្យ XLE ប៉ុងមួយ បើកបរបានចម្ងាយប្រមាណ ៤០៦គីឡូម៉ែត្រ ចំណែក Limited ប៉ុងមួយ បើកបរបានចម្ងាយប្រមាណ ៣៨៩គីឡូម៉ែត្រ។

ដោយឡែកសម្រាប់ប្រភេទប៉ុងពីរ មានបំពាក់ម៉ូទ័រអគ្គិសនីពីរ ដែលម៉ូទ័រនីមួយៗអាចផលិតកម្លាំងបាន ១០៧សេះ ពេលផ្គួបចូលគ្នា​អាចផលិតកម្លាំងបានច្រើនបំផុត ២១៤សេះ។ ប្រភេទប៉ុងពីរនេះក៏មានបំពាក់អាគុយចំណុះ ៧២,៨kWh ធំជាងប្រភេទប៉ុងមួយបន្តិច។ យ៉ាងណាក្ដី XLE ប៉ុងពីរ អាចបើកបរចម្ងាយប្រមាណ ៣៦៧គីឡូម៉ែត្រ ខណៈដែល Limited ប៉ុងពីរ បើកបរបានចម្ងាយប្រមាណ ៣៥៧គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម