ឡានអគ្គិសនី៧កៅអីរបស់ Mercedes សាកម្ដងជិះបានជាង ៤០០គីឡូម៉ែត្រ

នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ឆ្នាំ២០២១ រថយន្ត Mercedes-Benz EQB បានបង្ហាញរូបរាងជាផ្លូវការ ដែលជារថយន្តអគ្គិសនីខ្នាតធំមួយមានជម្រើសកៅអីអង្គុយចំនួន៧ ហើយវានឹងចេញលក់មុនគេលើទីផ្សារប្រទេសចិន។

រថយន្តនេះមានបំពាក់មកជាស្តង់ដារនូវអាគុយចំណុះ ៦៦,៥គីឡូវ៉ាត់ម៉ោង ដែលអាចជិះបានចម្ងាយ ៤១៩គីឡូម៉ែត្រ ដែលមានមកជាមួយនូវដុំសាក ១១គីឡូវ៉ាត់ ហើយក៏អាចគាំទ្រការសាកកម្លាំងដល់ ១០០គីឡូវ៉ាត់ផងដែរ។ ចំពោះកម្លាំងរបស់រថយន្តនេះមានជម្រើសច្រើនប្រភេទ ប៉ុន្តែសម្រាប់ប្រទេសចិនមួយមានផ្ដល់ជូននូវប្រភេទ AMG Line ដែលអាចផលិតកម្លាំងបាន ២៨៨សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

និយាយអំពីរចនាបថរូបរាងនៃរថយន្ត EQB នេះមានលក្ខណៈស្រដៀងទៅនឹងរថយន្ត Mercedes GLB ដែលជាប្រភេទប្រើម៉ាស៊ីនពីស្តុង ហើយប្រវែងពីកង់មុខទៅកង់ក្រោយរបស់វាគឺមានប្រវែង ២៨២៩ម.ម ដូចគ្នាទៅនឹងរថយន្ត Mercedes GLB អ៊ីចឹងដែរ។

នៅផ្នែកខាងក្នុងមានរចនាបថស្រដៀងនឹង Mercedes GLB ដែរប៉ុន្តែមានការផ្លាស់ប្ដូរមួយចំនួនតូចដែលធ្វើឲ្យរថយន្តនេះមើលទៅកាន់តែទំនើប និងទាន់សម័យ។ រថយន្ត EQB នេះមានបំពាក់នូវប្រព័ន្ធកម្សាន្ត MBUX ដែលមានគួបផ្សំដោយមុខងារនាំផ្លូវវៃឆ្លាត។

តម្លៃ និងព័ត៌មានលម្អិតអំពីរថយន្ត Mercedes GLB នេះនឹងត្រូវប្រកាសចេញបន្ថែមនៅចុងឆ្នាំនេះ មុននឹងវាដាក់លក់ជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម