អគ្គនាយកដ្ឋានគយទុកពេលម្ចាស់ឡានចង្កូតស្ដាំគ្មានពន្ធទៅចុះបញ្ជីត្រឹមចុងខែនេះ បើមិនទាន់នឹងបង្ក្រាប និងរឹបអូស

[ក្នុងស្រុក] យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយចុះនៅថ្ងៃទី​ ១៣​ ខែកក្កដា ឆ្នាំ ២០២២ នេះ បានធ្វើការប្រកាសទុកពេលឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ទៅចុះបញ្ជីត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ នេះ ដោយហួសរយៈពេលក្នុងលិខិតនេះនឹងត្រូវបង្ក្រាប និងរឹបអូស។

ក្នុងនោះដោយយោងតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ស្តីពីការអនុគ្រោះឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធស្រាប់ក្នុងប្រទេសដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចនិងអាករ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រុសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម៖

  • ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានកក់ប្រាក់ពន្ធនិងអាកររួចតែពុំទាន់កែចង្កូតអាចមើលទទួលយកបង្កាន់ដៃបង់ពន្ធ ដោយមានជម្រើសក្នុងការកែឬមិនកែចង្កូតដើម្បីចុះទៅដើម្បីយកទៅចុះបញ្ជីធ្វើស្លាកលេខ។
  • ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធនិងអាករ) ត្រូវមកបង់ពន្ធនិងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករជាក្រោយដោយមិនតម្រូវឲ្យកែចង្កូតនៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុតតាមកាលបរិច្ឆេទ។
    • ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ផុតរយៈពេលនេះរថយន្តដែលខកខានមិនបានចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញានៃការបង្ក្រាបនិងរឹបអូសតាមបទប្បញ្ញត្តិជាធរមាន។
    • ការបង់ពន្ធនិងអាករនិងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះរហូតទៅដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២។
  • ទន្ទឹមនឹងនេះម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេសក៏អាចមកបង់ពន្ធនិងអាករចាប់ពីពេលនេះរហូតទៅដល់ថ្ងៃប្រាំបីតុលាឆ្នាំពីរពាន់ម្ភៃពីរដោយមិនរងការពិន័យផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថាសម្រាប់ការអនុវត្តការអនុគ្រោះខាងលើ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដូច្នេះសម្រាប់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់សូមរួសរាន់ទៅចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធអាករឱ្យបានទាន់តាមកាលបរិច្ឆេទដែលកំណត់ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម