អង់គ្លេសនឹងហាមមិនឲ្យលក់ឡានម៉ាស៊ីនសាំង និងម៉ាស៊ីនម៉ាស៊ូត ចាប់ពីឆ្នាំ ២០៣០

នាយក​រដ្ឋ​មន្ត្រី​អង់គ្លេស​លោក Boris Johnson បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​នឹង​​ហាម​ឃាត់​ការ​លក់​រថយន្ត​ម៉ាស៊ីន​សាំង និង​រថយន្ត​ម៉ាស៊ីន​ម៉ាស៊ូត​ថ្មីៗ​នៅ​ក្នុង​ឆ្នាំ ២០៣០ ខាង​មុខ​នេះ។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា​រដ្ឋាភិបាល​គ្រោង​នឹង​បណ្ដាក់​ទុក​ជា​ទឹក​ប្រាក់​ជាង ៣,៧​ពាន់​លាន​ដុល្លារ​លើ​រថយន្ត​អគ្គិសនី, ពង្រាយ​ស្ថានីយ​សាក​ភ្លើង​ឲ្យ​បាន​ច្រើន និង​បង្កើត​រោងចក្រ​ផលិត​អាគុយ​ប្រើ​ប្រាស់​បាន​យូរ​​នៅ​​អង់គ្លេស​ផ្ទាល់។ តាម​រយៈ​ការ​បណ្ដាក់​ទុន​នេះ រដ្ឋាភិបាល​នឹង​អាច​ហាម​ឃាត់​ការ​លក់​រថយន្ត​ម៉ាស៊ីន​សាំង និង​ម៉ាស៊ូត​ថ្មី​ក្នុង​ឆ្នាំ ២០៣០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី​រដ្ឋាភិបាល​​នឹង​បន្ត​អនុញ្ញាត​ឲ្យ​មាន​ការ​លក់​រថយន្ត​ Hybrid ថ្មីៗ ដែល​មាន​សមត្ថភាព​អាច​បើកបរ​បាន​រយៈ​ចម្ងាយ​ឆ្ងាយ​ដោយ​មិន​បញ្ចេញ​ឧស្ម័ន​ពុល​ចេញ​ពី​បំពង់ស៊ីមាំង ដែល​នឹង​អនុញ្ញាត​ត្រឹម​ឆ្នាំ ២០៣៥។ រដ្ឋាភិបាល​នឹង​កំណត់​លើ​រយៈ​ចម្ងាយ​ជាក់​លាក់​នៃ​រថយន្ត Hybrid នៅ​ក្នុង​ការ​ប្រកាស​ពេល​ក្រោយ បន្ទាប់​ពី​ពិភាក្សា​រួច។

​​គួរ​ដឹង​ថា​មាន​ប្រទេស​ផ្សេង​ទៀត​នៅ​អឺរ៉ុប​ក៏​បាន​ប្រកាស​​កាល​បរិច្ឆេទ​ហាម​ឃាត់​ការ​លក់​រថយន្ត​ដំណើរ​ការ​ដោយ​ម៉ាស៊ីន​សាំង​ និង​ម៉ាស៊ូត​ផង​ដែរ ដែល​ក្នុង​នោះ​មាន​ប្រទេស​បារាំង​បាន​កំណត់​យក​ឆ្នាំ ២០៤០, ប្រទេស​ន័រវែស​កំណត់​យក​ឆ្នាំ ២០២៥ និង​ប្រទេស​អាល្លឺម៉ង់​កំណត់​យក​ឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម