អនាគតទៅ ឡាន Toyota នឹងអាចសាកភ្លើងឲ្យគ្នាទៅវិញទៅមកបាន

បើផ្អែកតាមឯកសារប៉ាតង់ដែលគេទើបប្រទះឃើញកាលពីថ្មីៗកន្លងទៅនេះ បានបង្ហាញថា Toyota កំពុងតែធ្វើការលើបច្ចេកវិទ្យារថយន្តអគ្គិសនីដែលអាចសាកភ្លើងដោយមិនប្រើខ្សែ ដែលកាន់តែពិសេសនោះគឺអាចសាកភ្លើងពេលដែលរថយន្តកំពុងធ្វើដំណើរទៅមុខថែមទៀតផង។

ឯកសារប៉ាតង់បានបង្ហាញអំពីវិធីសាស្ត្រជាច្រើននៃការសាកភ្លើងឥតប្រើខ្សែនេះ ដោយទីមួយគឺរថយន្តមួយអាចបើកបរលើដងផ្លូវ ហើយពេលដែលរថយន្តជិតអស់ភ្លើង វាអាចធ្វើការស្នើសុំថាមពល​ពីរថយន្តដែលស្ថិតនៅក្បែរបានតាមរយៈប្រព័ន្ធ Wireless (មិនប្រើខ្សែ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលដែលសំណើរត្រូវបានទទួល ការតភ្ជាប់ឥតប្រើខ្សែដើម្បីសាកថាមពលត្រូវបានរៀបចំឡើង ហើយ​បរិមាណថាមពលដែលបានស្នើនឹងត្រូវផ្ទេរនាពេលបន្ទាប់ទៀត។ មួយវិញទៀតគឺរថយន្តមួយអាចស្នើសុំថាមពលពីរថយន្តផ្សេងបានដោយស្វ័យប្រវត្តិ នៅពេលដែលដឹងថាថាមពលជិតអស់។

ឯកសារនៃប៉ាតង់បានបង្ហាញថាប្រព័ន្ធនេះនឹងអាចដឹងអំពីស្ថានភាពនៃចរចរណ៍ ហើយវានឹងកំណត់ពេលវេលាដែលត្រូវការក្នុងការអាចសម្រេចការផ្ទេរថាមពលមុនពេលតភ្ជាប់គ្នា ដើម្បីជៀសវាងការផ្ដាច់ចរន្តពីគ្នាមុនពេលកំណត់។ បន្ថែមពីនេះប្រព័ន្ធនេះក៏អាចកំណត់ល្បឿនរថយន្តទាំងពីរឲ្យស្មើគ្នាបានដោយស្វ័យប្រវត្តិ និងអាចស្វែងរកផ្លូវដែលអាចឲ្យការសាកប្រព្រឹត្តិទៅបានដោយរលូនផងដែរ។

យ៉ាងណាក្ដី គេមិនទាន់បានកំណត់នៅឡើយទេថាការផ្ទេរថាមពលបែបនេះនឹងមានផលប៉ះពាល់បែបណាខ្លះនោះទេ ដូចនេះមានតែរង់ចាំនូវព័ត៌មានថ្មីបន្ថែមទៀតជុំវិញបច្ចេកវិទ្យាដ៏អស្ចារ្យមួយនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម