រថយន្តប្រណិតរបស់ប្រទេសចិន Hongqi H9 គ្រោងនឹងបង្ហាញខ្លួនលើទីផ្សារប្រទេសជប៉ុននាពេលឆាប់ៗនេះ បន្ទាប់ពីបានធ្វើការតេស្តសាកល្បងនៅ Nagoya ប្រទេសជប៉ុននាពេលកន្លងទៅ។
នេះគឺជាម៉ូឌែលដំបូងហើយសម្រាប់ក្រុមហ៊ុន Hongqi ដែលនឹងមានវត្តមានលក់នៅលើទីផ្សារប្រទេសជប៉ុន។ ហើយវានឹងក្លាយជាគូប្រជែងរបស់ Mercedes E-Class, Audi A6 និង BMW 5-Series។
រថយន្តម៉ូដែល H9 ត្រូវបានឌីហ្សាញឡើងដោយអ្នកឌីហ្សាញឈ្មោះ Giles Taylor ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុនរថយន្តអង់គ្លេស Rolls-Royce។ ដូចនេះហើយ រូបរាងរបស់វាមើលទៅហាក់ស្រដៀងនឹងរថយន្ត Rolls-Royce អ៊ីចឹងដែរ។ វាមានប្រវែងសរុប ៥,២ ម៉ែត្រ និងប្រវែងពីកង់មុខ ដល់ កង់ក្រោយ ៣ម៉ែត្រ។
សម្រាប់រូបរាងផ្នែកខាងក្រៅនៃរថយន្ត បានបំពាក់ជាមួយប៉ាណាក្រូមទំហំធំអមដោយភ្លើង LEDព័ទ្ធជុំវិញ រួមជាមួយ ចង្កៀងមុខប្រភេទ Matrix LED និងថាសកង់ទំហំ ២០អ៊ីញ។ រីឯផ្នែកខាងក្នុងបំពាក់ជាមួយអក្រង់បង្ហាញ និងអេក្រង់កម្សាន្តទំហំធំ និងឧបករណ៍កាត់បន្ថយសម្លេងផងដែរ។
រថយន្ត Hongqi H9 ដំណើការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ២៥២សេះ និងកម្លាំងរមួល ៣៨០ញ៉ូតុនម៉ែត្រ ឬ ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ Supercharged ទំហំ ៦ស៊ីឡាំង បង្កើតកម្លាំងបាន ២៧២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ វាអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨វិនាទី៕