
សហភាពអឺរ៉ុប កំពុងរៀបចំចេញច្បាប់ថ្មី ដើម្បីលុបបំបាត់ការក្លែងបន្លំចំនួនគីឡូម៉ែត្រ ឬម៉ាយល៍ក្នុងកុងទ័រ ពោលគឺទម្លាក់ចំនួនគីឡូម៉ែត្រឲ្យនៅទាប ដែលកើតមានឡើងក្នុងទីផ្សាររថយន្តមួយទឹក។
ក្រោមសេចក្តីស្នើច្បាប់ថ្មីនេះ រាល់រថយន្តទាំងអស់ នឹងត្រូវកត់ត្រាស្វ័យប្រវត្តិចូលក្នុងប្រព័ន្ធទិន្នន័យជាតិរបស់ប្រទេសនីមួយៗនៅអឺរ៉ុប។ ចំនួនគីឡូម៉ែត្រ ឬម៉ាយល៍ នឹងអាប់ដេតដោយស្វ័យប្រវត្តិជារៀងរាល់ ៣ខែម្តង ដោយស្ថាប័ន ៣ រួមមាន មជ្ឈមណ្ឌលត្រួតពិនិត្យ, ការ៉ាស់ជួសជុលដែលទទួលអាជ្ញាបណ្ណពីក្រុមហ៊ុនផលិត និងក្រុមហ៊ុនផលិតរថយន្តនោះផ្ទាល់តែម្តង។

សម្រាប់ប្រព័ន្ធកត់ត្រាទិន្នន័យនេះ ក៏អាចផ្ទេរឆ្លងកាត់ព្រំដែនបានផងដែរ ជាពិសេសនៅពេលដែលរថយន្តត្រូវបានលក់ទៅកាន់ប្រទេសមួយផ្សេងទៀតនៅក្នុងអឺរ៉ុប ដើម្បីបញ្ចប់ហានិភ័យនៃការទម្លាក់ចំនួនគីឡូ។
បើតាមស្ថិតិពីក្រុមហ៊ុនវិភាគទិន្នន័យចំនួន២ នៅក្នុងប្រទេសបារាំង បានឲ្យដឹងថា រថយន្តមួយទឹក ពី ៣% ទៅ ៦% លក់ក្នុងប្រទេសមួយនេះ គឺត្រូវបានទម្លាក់ចំនួនគីឡូ។ ការក្លែងបន្លំចំនួនគីឡូបែបនេះ កាន់តែធ្វើឲ្យមានការស្មុគស្មាញខ្លាំង ដោយគេបានប្រើបច្ចេកទេស និងឧបករណ៍ថ្មីៗ បណ្តាលឲ្យមានការលំបាកដល់ការត្រួតពិនិត្យពីការបំពាននេះ៕


















