អុញនុះ! Huawei ក៏ចាប់អារម្មណ៍ចង់ផលិតឡានដែរ

Apple មិនមែនជាក្រុមហ៊ុនបច្ចេកវិទ្យាតែមួយគត់ដែលចង់បោះជំហានចូលឧស្សាហកម្មផលិតរថយន្តនោះឡើយ ព្រោះបើតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា Huawei ក៏កំពុងរៀបចំផែនការប្រកាសចេញរថយន្តអគ្គិសនីក្រោមម៉ាកសញ្ញា Huawei ផងដែរ។

ត្បិតថាមិនមានបទពិសោធន៍ក្នុងការឌីហ្សាញ ឬផលិតរថយន្តក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៍ថាមានបំណងចង់ប្រកាសចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនឆាប់បំផុតគឺនៅឆ្នាំ ២០២១ នេះ។ ដោយឡែករថយន្តអគ្គិសនីរបស់ Apple ប្រហែលជានឹងបង្ហាញវត្តមាននៅឆ្នាំ ២០២៤ ខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈដែល Apple មានបំណងចង់ផលិតរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅសហរដ្ឋអាមេរិក Huawei ឯណោះវិញមានការរាយការណ៍ថាចង់ចាប់ដៃគូជាមួួយក្រុមហ៊ុនផលិតរថយន្ត Changan Automobile របស់ចិន ដែលជាក្រុមហ៊ុនផលិតរថយន្ត Ford សម្រាប់ទីផ្សារចិនមានដូចជាម៉ូដែល Ford Edge និង Lincoln Aviator។

ការឌីហ្សាញនៃរថយន្តអគ្គិសនីរបស់ Huawei មិនទាន់មានដំណឹងអ្វីនៅឡើយទេនាពេលនេះ ប៉ុន្តែរំពឹងថារថយន្តអគ្គិសនីនេះនឹងចេញលក់លើទីផ្សារធំៗដែលមានន័យថាវានឹងជាគូប្រជែងរបស់ Tesla Model Y, Ford Mustang Mach-E និង Volkswagen ID.4 ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម