កាលពីខែមេសា ទីផ្សាររថយន្តថ្មីនៅចក្រភពអង់គ្លេសរងការប៉ះទង្គិចធ្ងន់ធ្ងរបំផុត ដោយសារវិធានការបិទខេត្ត/ក្រុងដ៏តឹងតែងព្រោះការផ្ទុះជំងឺកូវីដ១៩។
តួលេខចេញផ្សាយដោយសហគមន៍យានយន្ត SMMT បានបង្ហាញថាចំនួនរថយន្តថ្មីដែលចុះបញ្ជីនៅចក្រភពអង់គ្លេសក្នុងខែមេសា មានត្រឹម ៤ ៣២១ គ្រឿងប៉ុណ្ណោះ។ ចំនួនលក់នេះធ្លាក់ចុះខ្លាំងបំផុត បើធៀបនឹងខែមេសាឆ្នាំ ២០១៩ ដែលមាន ១៦១ ០៦៤ គ្រឿង។
ចំនួនរថយន្តសាំង និងម៉ាស៊ូតថ្មីគឺធ្លាក់ចុះ ៩៨,៥% និង ៩៧,៦%, ចំនួនរថយន្ត Plug-in Hybrid ធ្លាក់ចុះ ៩៥,១% និងរថយន្ត Hybrid ធ្លាក់ចុះ ៩៩,៣%។ ប៉ុន្តែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺវិស័យរថយន្តអគ្គិសនីមានលទ្ធផលល្អគួរសម ដែលធ្លាក់ចុះត្រឹម ៩,៧% ប៉ុណ្ណោះ។
តម្រូវការរថយន្តអគ្គិសនីដែលមិនសូវប្រែប្រួលខ្លាំងនេះ ធ្វើឲ្យរថយន្ត Tesla Model 3 ក្លាយជារថយន្តលក់ដាច់បំផុតនៅចក្រភពអង់គ្លេសនាខែមេសា ជាមួយចំនួនលក់ ៦៥៨ គ្រឿង។ រថយន្តលក់ដាច់លំដាប់ទីពីរក៏ជារថយន្តអគ្គិសនីដែរ គឺជា Jaguar I-Pace ដែលមានចំនួនលក់ ៣៦៧ គ្រឿង៕