[ទីផ្សារបរទេស] Lexus បានប្រកាសចេញរថយន្ត RX L ដែលជារថយន្តកៅអីបីជួរ ក្នុងកម្មវិធី LA Auto Show ឆ្នាំ២០១៧ ហើយជាមួយរថយន្តជំនាន់ថ្មីដែលផ្លាស់ប្ដូររូបរាងថ្មី នឹងមិនមានជាប្រភេទកៅអីបីជួរតទៀតឡើយ។
អ្នកនាំពាក្យ Lexus មួយរូបបានបញ្ជាក់ជាមួយវិបសាយរថយន្ត Motor1.com ថារថយន្ត RX ស៊េរីឆ្នាំ២០២៣ បានប្រកាសចេញជាមួយប្រភេទកៅអីពីរជួរតែមួយប្រភេទប៉ុណ្ណោះ។ នៅក្នុងសេចក្ដីប្រកាសរបស់ Lexus មិនបានបញ្ជាក់ទេថា RX ស៊េរីឆ្នាំ២០២៣ នឹងមានជាប្រភេទកៅអីបីជួរ។
កន្លងមកក៏មានជាការលេចលឺពាក្យចចាមអារ៉ាមថា Toyota កំពុងសម្ងំផលិតរថយន្ត SUV កៅអីបីជួរថ្មី ដែលឌីហ្សាញជាពិសេសសម្រាប់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះដែរ នឹងមានមួយម៉ូដែលបំពាក់ម៉ាក Toyota ខណៈដែលមួយទៀតបំពាក់ម៉ាក Lexus ហើយ រថយន្ត Lexus កៅអីបីជួរថ្មី អាចនឹងមានឈ្មោះថា Lexus TX ដែលនឹងស្ថិតនៅពីលើរថយន្ត RX។
ទោះថាមិនមានជាកៅអីបីជួរ ប៉ុន្តែការដុសខាត់ថ្មីលើរថយន្ត Lexus RX ជំនាន់ទីប្រាំ អាចនឹងឲ្យអ្នកគាំទ្រពេញចិត្តពេញថ្លើមបាន។ រថយន្តជំនាន់ថ្មីនេះ ប្រើគ្រោងឆ្អឹង GA-K ដែលជួយកាត់បន្ថយទម្ងន់រថយន្ត និងបន្ថែមប្រវែងពីកង់មុខទៅកង់ក្រោយ ក៏ដូចជាបន្ថយប្រវែងសរុបនៃរថយន្តផងដែរ។
ការដាក់លក់ Lexus RX ស៊េរីឆ្នាំ២០២៣ នឹងចាប់ផ្ដើមនៅអំឡុងចុងឆ្នាំ២០២២ ដោយ Lexus មិនទាន់បានប្រកាសអំពីតម្លៃចាប់ផ្ដើមនៅឡើយទេ៕