ការដឹកជញ្ជូនរថយន្ត Toyota Tundra ស៊េរីឆ្នាំ២០២២ ដល់ឈ្មួញកណ្តាល លើកទី១ ដំបូងបង្អស់ នឹងត្រូវធ្វើឡើងនាខែក្រោយ ហើយវានឹងមិនឈរជើងនៅក្នុងស្តុកយូរនោះទេ។
បើយោងតាមគេហទំព័រ CarsDirect បានទទួលដំណឹងពីឈ្មួញលក់រថយន្ត Toyota ដ៏ធំបំផុតមួយ នៅសហរដ្ឋអាមេរិក ថា អ្នករង់ចាំ អាចចំណាយពេលដល់ ១,៥ឆ្នាំឯណោះ។
វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែ Toyota បានសាងសង់រោងចក្រថ្មី នៅក្នុងរដ្ឋ Texas ដើម្បីផលិតរថយន្ត Tundra (និងក្រោយមកបន្ថែមម៉ូដែល Tacoma)។
តើអ្វីជាបញ្ហា?
ជាការពិតណាស់គឺ “បញ្ហាផ្គត់ផ្គង់” ជាពិសេស “បន្ទះឈីប“។ ឈ្មួញលក់រថយន្តបានអះអាងថា Toyota មានគម្រោងដឹករថយន្តត្រឹមតែ ៦១គ្រឿងប៉ុណ្ណោះឲ្យពួកគេ ក្នុងតំបន់ទីក្រុង Los Angeles នារយៈពេល ៣ខែខាងមុខ ដែលចំនួននេះពិតជាតិចខ្លាំងមែនទែន។
មិនតែប៉ុណ្ណោះ ឈ្មួញភាគច្រើនបានទទួលការកក់ជាច្រើន ប៉ុន្តែមិនធានាថានឹងទទួលបានរថយន្តឡើយ ក្នុងរយៈពេលយ៉ាងហោចណាស់ ៤ខែ ឬអាចឡើងដល់ ១៨ខែឯណោះ។ ក្នុងនោះដែរ ម៉ូដែល Tundra TRD Pro ថ្មី នឹងពិបាកក្នុងការទទួលបានរថយន្ត ដោយត្រូវរង់ចាំយ៉ាងហោចណាស់ ៩ខែ៕