
[បរទេស] កាលពីពេលថ្មីនេះៗ សហព័ន្ធឧស្សាហកម្មផលិតរថយន្តប្រទេសថៃ (FTI) បានធ្វើការប្រកាសថា ការផលិតរថយន្តក្នុងខែមករា ឆ្នាំ ២០២៥ បានចំនួនត្រឹមតែ ១០៧ ១០៣ គ្រឿង ជាចំនួនធ្លាក់ចុះ ២៤,៦៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយក៏ជាចំនួនធ្លាក់ចុះ ១៨ ខែជាប់ៗគ្នាផងដែរ ។
ជាមួយគ្នានេះ ការលក់រថយន្តនៅទូទាំងប្រទេសថៃក៏មានចំនួនត្រឹមតែ ៤៨ ០៩២ គ្រឿងប៉ុណ្ណោះ នៅក្នុងខែមករា ឆ្នាំ ២០២៥ បានធ្លាក់ចុះ ១២,២៦% ក្នុងរយៈពេលដូចគ្នា ខណៈកាលពីខែធ្នូ ឆ្នាំ២០២៤ ការលក់រថយន្តនៅក៏ធ្លាក់ចុះ ២០,៩៤% ។
យោងតាម Reuters ចំនួនរថយន្តថៃដែលបាននាំចេញក្នុងខែដំបូងនៃឆ្នាំនេះមិនមានអ្វីប្រសើរជាងនេះទេ ដោយបានចំនួន ៦២ ៣២១ គ្រឿង ធ្លាក់ចុះ ២៨,១៣% ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ៣៣ ខែចុងក្រោយនេះ។
គួរឲ្យដឹងថា ប្រទេសថៃធ្លាប់ត្រូវបានគេចាត់ទុកថាជាមជ្ឈមណ្ឌលផលិតរថយន្តធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលជាមូលដ្ឋាននាំចេញសម្រាប់ “ក្រុមហ៊ុនយក្ស” ជាច្រើនដូចជា Toyota, Honda និង Mitsubishi ដោយក្នុងនោះ នៅកម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០១៨ ការផលិតរថយន្តនៅប្រទេសនេះ បានកើនឡើងដល់កំពូលជាមួយនឹងរថយន្តជាង ២ លានគ្រឿងដែលផលិត ៕