ឪពុក​កូន​នាំ​គ្នា​ផលិតឡាន Lamborghini ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន 3D

ទោះ​បី​ជា​ចេញ​មក​ ៨ ឆ្នាំ​ហើយ​ក្ដី រថយន្ត​ Lamborghini Aventador នៅ​តែ​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ស្នេហា​រថយន្ត ដោយ​សារ​តែ​រូបរាង​ដ៏​ទាក់ទាញ​របស់​វា។ អ្នក​ជំនាញ​រូប​វិទ្យា​ម្នាក់​ឈ្មោះ Sterling Backus ​ស្រឡាញ់​រថយន្ត​នេះ​ពេក ក៏​សម្រេច​​ផលិត​វា​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន 3D ជា​មួយ​កូន​ប្រុស ក្នុង​ពេល​ទំនេរ​ពី​ការងារ។

ឪពុក​កូន​ពីរ​រូប​នេះ បាន​​​ចំណាយ​ពេល​ជិត​ ១ ឆ្នាំ​កន្លះ​មក​ហើយ លើ​ការ​ផលិត​រថយន្ត​នេះ ដោយ​ប្រើ​ពេល​ប្រមាណ ១ ម៉ោង​ក្នុង​មួយ​​ថ្ងៃ ហើយ​បាន​បណ្ដាក់​ទុន​អស់​ ២០ ០០០ ដុល្លារ​ផង​ដែរ គិត​មក​ទល់​ពេល​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​គំនិត​នៃ​ការ​ផលិត​រថយន្ត​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន​នេះ កើត​មាន​នៅ​ពេល​ដែល​លោក Sterling និង​កូន​ប្រុស​ខ្លួន​លេង​ហ្គេម​ Forza Horizon 3 ពេល​ដែល​កូន​ប្រុស​សួរ​ឪពុក​ថា​ ពួក​គេ​អាច​ផលិត​​រថយន្ត​បាន​ឬ​អត់។

តួ​ខ្លួន​រថយន្ត​​ផលិត​ដោយ​ប្រើ​ម៉ាស៊ីន​ព្រីន 3D ​សារធាតុ​ប្លាស្ទិក ២០០ ដុំ លើក​លែង​តែ​ផ្នែក​ដូច​ជា​​គ្រោង​ឆ្អឹង, ស្ពឺ, ម៉ាស៊ីន និង​ផ្នែក​គ្រឿង​យន្ត​មួយ​ចំនួន។ សូម្បី​តែ​អំពូល​ភ្លើង​មុខ, កំពូល​ភ្លើងស៊ីញ៉ូ, រន្ធ​ខ្យល់ និង​គ្រឿង​បរិក្ខារ​ខាង​ក្នុង​ផ្សេង​ទៀត​សុទ្ធ​តែ​ជា​ការ​ព្រីន 3D ដែល​ប្រើ​សារធាតុ​សរសៃ​កាបូន។

​​និយាយ​ពី​ម៉ាស៊ីន ច្បាស់​​ណាស់​ថា​មិន​មែន​ជា​ម៉ាស៊ីន ១២ ស៊ីឡាំង ចំណុះ ៦,៥ លីត្រ ដូច​នៅ​លើ​ Aventador មែន​ទែន​នោះ​ទេ ដោយ​សារ​តែ​វា​មាន​តម្លៃ​ថ្លៃ​​ហើយ​ក៏​ពិបាក​រក​ទិញ​ទៀត​ផង។ ជំនួស​មក​វិញ​ គឺ​គេ​ប្រើ​ម៉ាស៊ីន ចំណុះ ៥,៧ លីត្រ បាន​ពី​រថយន្ត​ Chevy Corvette ស៊េរី​ឆ្នាំ ២០០៣ បំពាក់​ជា​មួយ Twin-Turbo។

ក្នុង​​បទ​សម្ភាសន៍​ជា​មួយ​ទស្សនា​វដ្ដី​អូស្ត្រាលី Which Car លោក Sterling ​និយាយ​ថា ៖ “នៅ​សល់​ដំណើរ​វែង​ឆ្ងាយ​ទៀត ដើម្បី​បញ្ចប់​ការ​ផលិត​រថយន្ត។ មាន​បញ្ហា​ខ្លះ​តាម​ផ្លូវ ប៉ុន្តែ​ដំណើរ​មួយ​នេះ​ ពោរពេញ​ដោយ​ការ​សប្បាយ”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម