Tesla បានចាប់ផ្ដើមការផលិតរថយន្ត Model Y នៅរោងចក្រ Gigafactory របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្បែរទីក្រុងសៀងហៃ ប្រទេសចិន។
ត្បិតថា Tesla មិនទាន់បានបញ្ជាក់អំពីដំណឹងនេះ ប៉ុន្តែតាមរយៈវីដេអូថតពីលើអាកាសគេឃើញរថយន្ត Model Y ថ្មីៗស្រស់ៗជាច្រើនគ្រឿងនៅរោងចក្រទីតាំងខាងលើ។ វីដេអូនេះលេចចេញក្រោយពី Tesla បានបង្ហើបផែនការចាប់ផ្ដើមការផលិតរថយន្ត Model Y នៅសៀងហៃក្នុងដើមឆ្នាំ ២០២១ ខាងមុខ។
វិបសាយ Electrek បាននិយាយថារថយន្ត Model Y ដែលផលិតឡើងដំបូងៗនៅរោងចក្រខាងលើ នឹងត្រូវដឹកជញ្ជូនទៅឲ្យបុគ្គលិក Tesla ក្នុងស្រុក ដើម្បីឲ្យបុគ្គលិកសាកល្បងប្រើប្រាស់ មុននឹងបញ្ចេញលក់លើទីផ្សារជាផ្លូវការ។
រថយន្ត Model Y ត្រូវបានរំពឹងទុកថានឹងជារថយន្តលក់ដាច់ជាងគេរបស់ Tesla នៅក្នុងប្រទេសចិន។ មានអ្នកវិភាគម្នាក់បានប៉ាន់ស្មានថា Tesla អាចនឹងលក់រថយន្តនេះបានច្រើនដល់ ៣ម៉ឺនគ្រឿងក្នុងមួយខែ៕