​Toyota ដាក់លក់ឡាន Venza នៅអាមេរិកជាថ្មី ក្រោយខកខាន ៥ឆ្នាំ

Toyota Venza បាន​បង្ហាញ​វត្តមាន​នៅ​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​ថ្មី​ម្ដង​ទៀត​ក្រោយ​​បាត់​​វត្តមាន​ជិត ៥ ឆ្នាំ ដោយ​វិល​ត្រឡប់​ម្ដង​នេះ​ជា​មួយ​ស៊េរី​ឆ្នាំ ២០២១ មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី។ តាម​ពិត​ទៅ​រថយន្ត​នេះ​ដូច​ជា​ Toyota Harrier ដែល​ដាក់​លក់​ជប៉ុន​ដែរ គ្រាន់​តែ​ប្ដូរ​ឈ្មោះ។

Toyota Venza ស៊េរី​ឆ្នាំ ២០២១ ដែល​លក់​នៅ​អាមេរិក​គឺ​មាន​តែ​ជា​ប្រភេទ​ប្រព័ន្ធ​​ Hybrid ដែល​មាន​បំពាក់​ដោយ​ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៣ ដែល​អាច​ផ្ដល់​កម្លាំង​បាន​សរុប ២១៩ សេះ និង​មាន​កម្រិត​ស៊ី​សាំង​ ៥,៨៨ លីត្រ ក្នុង​​ចម្ងាយ ១០០ គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អំពី​រូបរាង​របស់ Venza ក្រុមហ៊ុន Toyota មិន​បាន​និយាយ​ពណ៌នា​ច្រើន​នោះ​ទេ​អំឡុង​កម្មវិធី​ប្រកាស​ចេញ ដោយ​វា​មាន​រូបរាង​ស្ទើរ​តែ​ដូច​គ្នា​បេះ​ដាក់​ទៅ​នឹង​ Toyota Harrier សម្រាប់​ទីផ្សារ​ប្រទេស​ជប៉ុន។

ផ្នែក​ខាង​ក្នុង​មាន​បំពាក់​ដោយ​អេក្រង់​​ទំហំ​ ៨អ៊ីញ និង​មាន​ Option ទំហំ ១២,៣អ៊ីញ ដែល​​គាំទ្រ​​ប្រព័ន្ធ Android Auto, Apple CarPlay និង Amazon Alexa។ វា​ក៏​មាន​បំពាក់​ប្រព័ន្ធ​សំឡេង​ដែល​មាន​រន្ធ​បំពង​សំឡេង​ចំនួន ៦ មក​ជា​ស្តង់ដារ ប៉ុន្តែ​អាច​ប្ដូរ​ដាក់​ប្រព័ន្ធ​សំឡេង JBL ដែល​មាន​រន្ធ​បំពង​សំឡេង​ចំនួន ៩ ផង​ដែរ។ Option គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត​គឺ​ដំបូល Star Gaze ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​កញ្ចក់​ Electrochromic អាច​ប្ដូរ​​កញ្ចក់​​ពី​ថ្លា​ទៅ​ស្រអាប់​បាន​យ៉ាង​ពិសេស។

Toyota Venza ឆ្នាំ ២០២១ នឹង​ចេញ​លក់​នៅ​​អំឡុង​ខែ​មិថុនា ទៅ​ខែ​កញ្ញា​ខាង​មុខ​នេះ ដែល​ស្ថិត​នៅ​ចន្លោះ RAV4 និង Highlander។ Toyota មិន​បាន​ប្រាប់​អំពី​តម្លៃ​នោះ​ទេ ប៉ុន្តែ​វា​ទំនង​ជា​មាន​​ចាប់​ពី​ក្រោម ៣ម៉ឺន​ដុល្លារ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម