កម្មវិធីតាំងបង្ហាញរថយន្តអន្តរជាតិក្រុងហ្សឺណែវ រំសាយបួនឆ្នាំជាប់គ្នា

[ទីផ្សារបរទេស] កម្មវិធីតាំងបង្ហាញរថយន្តអន្តរជាតិទីក្រុងហ្សឺណែវ ត្រូវបាន​រំសាយ​ចោល​ជាថ្មីលើកទីបួន ប៉ុន្តែនឹង​មាន​ការ​រៀប​ចំ​កម្មវិធីតាំងបង្ហាញ​រថយន្ត​ផ្ដាច់​មុខ​នៅ​ឯ​ទីក្រុងដូហា ប្រទេសកាតា ក្នុងឆ្នាំ២០២៣។

ដើម​ឡើយអ្នករៀបចំកម្មវិធី​មាន​គម្រោង​ថា​នឹង​រៀបចំការតាំងបង្ហាញនៅឯប្រទេសស្វីស ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ ខណៈដែល​កម្មវិធី Geneva International Motor Show Qatar នឹង​ត្រូវរៀបចំ​ឡើងនៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ ប៉ុន្តែ​ពេល​នេះ​មាន​តែ​កម្មវិធី Geneva International Motor Show Qatar ប៉ុណ្ណោះ ដែលសម្រេចថានឹងធ្វើឡើង។

ពាណិជ្ជកម្ម

ការរំសាយចោលការតាំងបង្ហាញរថយន្តដ៏ធំនេះ ក៏ដោយសារ​ភាព​មិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ចពិភពលោក រួមទាំង​បញ្ហា​ភូមិ​សាស្ត្រ​នយោ​បាយ ក៏​ដូចជាហានិភ័យ​ទាក់ទងនឹង​ការ​ផ្ទុះជំងឺរាតត្បាតផងដែរ។ ដូចនេះ​អ្នករៀបចំកម្មវិធីបានសម្រេចថាផ្ដោត​សំខាន់​តែ​លើ​កម្មវិធី​នៅ​ទីក្រុងដូហាប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៣។

ការរំសាយចោលនេះដែរគឺជាការរំសាយចោលឆ្នាំទីបួនហើយសម្រាប់ការតាំងបង្ហាញរថយន្តនៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស​ ចំណែក​កម្មវិធី Geneva International Motor Show Qatar នឹងត្រូវធ្វើឡើង​នៅ​មជ្ឈមណ្ឌល​តាំងពិព័រណ៌ក្រុងដូហា ដោយ​កម្មវិធីនេះគ្រោងប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្ដង៕

Sponsored