ការនាំចូលរថយន្តពីប្រទេសថៃ និងឥណ្ឌូនេស៊ីរបស់វៀតណាម កើនឡើង ៦២ភាគរយ

ចំនួននៃការនាំចូលរថយន្តរបស់វៀតណាមពីប្រទេសថៃ និងឥណ្ឌូនេស៊ី ក្រោយរយៈពេល ៩ខែនៃឆ្នាំ២០២១ បានកើនឡើងរហូត៩១ ២៦១គ្រឿង ស្មើ ៦២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០។

យោងតាមអគ្គនាយកដ្ឋានគយ ក្នុងខែកញ្ញាក្រុមហ៊ុនវៀតណាមបាននាំចូលរថយន្ត CBU( Completely Built Up) គ្រប់ប្រភេទចំនួន ៨ ៦៦៩ គ្រឿង ស្មើនឹងប្រមាណ ១៩៧ លានដុល្លារអាមេរិក។ បើ​ធៀប​នឹង​ខែ​មុន រថយន្ត​ដែល​នាំ​ចូល​បាន​ថយ​ចុះចំនួន ១៥%។

ពាណិជ្ជកម្ម

ជាក់ស្តែងប្រទេសវៀតណាមបាននាំចូលរថយន្តពីប្រទេសចំនួន៣ រួមមាន ឥណ្ឌូនេស៊ីចំនួន ៣ ៥៥៣គ្រឿង, ថៃចំនួន ៣ ២៩៤គ្រឿង និងប្រទេសចិនចំនួន ១ ០៤១គ្រឿង។ ចំនួននៃការនាំចូលពីទីផ្សារទាំង ៣នេះមានចំនួន ៩១ភាគរយ នៃចំនួនរថយន្តសរុបដែលបាននាំចូលទៅកាន់ប្រទេសវៀតណាមក្នុងខែនេះ។

ទោះបីជាចំនួនរថយន្តនាំចូលក្នុងខែកញ្ញាមានការថយចុះ បើធៀបនឹងខែសីហាក៏ដោយ ក៏ចំនួននៅតែកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាក់ស្តែង ចំនួនរថយន្តនៅរយៈពេល៩ខែដែលនាំចូលទៅប្រទេសវៀតណាមមានដល់ទៅ ១១៤ ៣៧៧ គ្រឿង កើនឡើង ៧១,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០។ ដោយឡែកសម្រាប់រថយន្ត (៩ កៅអី ឬតិចជាងនេះ) មានចំនួននាំចូល ៧៨ ២៨២ គ្រឿង កើនឡើង ៥៧,៨ភាគរយ។

នៅក្នុងនោះផ្នែកគ្រឿងបន្លាស់ ក្នុងរយៈពេល ៩ ខែនៃឆ្នាំ ២០២១ ក្រុមហ៊ុនក្នុងប្រទេសវៀតណាមបាននាំចូលចំនួន ៣,៧ ពាន់លានដុល្លារ កើនឡើង ៣៩,៨ភាគរយ ស្មើនឹងការកើនឡើងចំនួន ១,០៥ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដូចដែលបានព្យាករណ៍ដោយអ្នកជំនាញឧស្សាហកម្ម ចំនួនរថយន្តដែលបាននាំចូលទៅប្រទេសវៀតណាមនៅតែបន្តកើនឡើង បើទោះបីជាក្រុមហ៊ុនជាច្រើនបានប្តូរទៅដំឡើងរថយន្តក្នុងស្រុកក៏ដោយ។ នេះបង្ហាញថារថយន្តដែលនាំចូលនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុនផលិតរថយន្ត៕

Sponsored