ការពន្យា និងធ្វើបណ្ណបើកបរ ងាយស្រួលបំផុត (វីដេអូ)

យោងតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា អ្នកបើកបររថយន្ត ទោចក្រយានយន្ត និងត្រីចក្រយានយន្តដែលកំណត់ដោយច្បាប់ ត្រូវមានបណ្ណបើកបរ (មានសុពលភាព) ដែលចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

បច្ចុប្បន្ននេះ លោកអ្នកអាចដាក់ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរ និងប្តូរបណ្ណ បើកបរតាមប្រព័ន្ធ​ស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្ត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន https://driverlicense.mpwt.gov.kh ឬទៅទីតាំងផ្តល់សេវាសាធារណៈ ដែលកំណត់ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដូចជា នៅផ្សារទំនើបអ៊ីអន១ ផ្សារទំនើបអ៊ីអន២ និងនៅតាមមន្ទីរសាធារណការ និងដឹក​ជញ្ជូន​រាជធានី ខេត្ត ទូទាំងប្រទេស។ ​ចំពោះ បណ្ណបើកបរប្រភេទ ក និងប្រភេទ ខ លោកអ្នកអាច​ដាក់ពាក្យ​ស្នើសុំ​ប្រឡងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដោយឡែកចំពោះបណ្ណបើកបរចាប់ពីប្រភេទ គ ឡើងទៅលោកអ្នក​តម្រូវឱ្យ​ទៅ​រៀននៅសាលាបង្រៀនបើកបរដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ការបើក​បរទើបមានសិទ្ធិ​ដាក់​ពាក្យស្នើសុំប្រឡងយកបណ្ណបើកបរបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃសេវាប្រឡងយកបណ្ណបើកបរ៖

សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតាបណ្ណបើកបរប្រភេទ ក មានតម្លៃ ៣០,០០០ រៀល និងប្រភេទ​ ខ គ ឃ និង ង មានតម្លៃ ៣០,០០០ រៀល។ ឯកសារចាំបាច់ចំពោះពលរដ្ឋខ្មែរ ក្នុងការប្រឡងយកបណ្ណបើកបរ ប្តូរ និងពន្យារសុពលភាព រួមមាន៖

 • អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
 • រូបថត 4×6 ផ្ទៃពណ៌ស ចំនួន ៣ សន្លឹក
 • លិខិតបញ្ជាក់កាយសម្បទា
 • បណ្ណបើកបរចាស់ (សម្រាប់ការប្តូរ ពន្យារ ទុតិយតា និងតតិយតា)
 • វិញ្ញាបនបត្របញ្ជាក់ការសិក្សាពីសាលាបង្រៀនបើកបរយានយន្ត សម្រាប់បណ្ណបើកបរ ប្រភេទ គ ឃ និង ង។

ឯកសារចាំបាច់ចំពោះជនបរទេសដែលចង់ប្រឡងយកបណ្ណបើកបររបស់ប្រទេសកម្ពុជា ឬចង់ប្តូរពី​បណ្ណ​បើកបរ ពីប្រទេសរបស់ខ្លួន មកយកបណ្ណបើកបរប្រទេសកម្ពុជាវិញ រួមមាន៖

 • បណ្ណបើកបររបស់ខ្លួន (ត្រូវបកប្រែជាភាសាអង់គ្លេស ឬខ្មែរពីស្ថានទូតនៃប្រទេសរបស់ខ្លួន ក្នុង ករណីមិនមែនភាសាអង់គ្លេស ឬបារាំង)
 • លិខិតឆ្លងដែន
 • ទិដ្ឋាការដែលមានសុពលភាព
 • លិខិតបញ្ជាក់ទីលំនៅ
 • រូបថត 4×6 ផ្ទៃពណ៌ស ចំនួន  ៣ សន្លឹក
 • លិខិតបញ្ជាក់កាយសម្បទា។

បន្ទាប់ពីប្រឡងជាប់ លោកអ្នកគ្រាន់តែចំណាយពេលរង់ចាំតែ ២០ ទៅ ៣០នាទី លោកអ្នក អាច ទទួលបានបណ្ណបើកបរបាន៕

វីដេអូណែនាំ

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម