កាល់តិច ជួលពោងរបស់តេលា ដែលអាចស្តុកប្រេងបានដល់ ២៦លានលីត្រ នៅខេត្តព្រះសីហនុ

ក្រុមហ៊ុនកាល់តិច បានជួលពោងស្តុកប្រេងរបស់ក្រុមហ៊ុនតេលា ចំនួន២ ក្នុងនោះពោង១សម្រាប់ស្តុកប្រេងសាំង បាន១ម៉ឺនតោន ឬប្រហែល ១៤លានលីត្រ និងពោង១ទៀត សម្រាប់ស្តុកប្រេងម៉ាស៊ូត បាន១ម៉ឺនតោន ឬប្រហែល ១២លានលីត្រ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្នុងពេលចុះពិនិត្យនូវការមកដល់របស់កប៉ាល់ដឹកឧស្ម័ន LPG របស់ក្រុមហ៊ុនតេលា និងកប៉ាល់ដឹកប្រេងរបស់ក្រុមហ៊ុនកាល់តិច នៅកំពង់ផែរបស់ក្រុមហ៊ុនតេលា ក្នុងខេត្តព្រះសីហនុ។

បើតាមឯកឧត្តមឲ្យដឹងថា នេះគឺជាកប៉ាល់ថ្មីដែលនាំឧស្ម័ន LPG មកកម្ពុជា ចំណុះ ៣៤០០តោន ដែលជាជើងទីមួយថ្មី មកបង្គ្រប់ការផ្គត់ផ្គង់នៅកម្ពុជា ក្នុងចំណោមជើងទាំង៥ ដែលត្រូវយកចូលក្នុង១ខែ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការមកដល់ព្រមគ្នានៅកំពង់ផែតេលានេះ គឺដើម្បីផ្គត់ផ្គង់ការប្រើប្រាស់ក្នុងប្រទេស ក្នុងពេលដែលស្ថានភាពនៃវិបត្តិប្រេង និងឧស្ម័ននេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈសង្គ្រាមនៅមជ្ឈិមបូព៌ា នៅកំពុងអូសបន្លាយ។

ឯកឧត្តម កែវ រតនៈ បានលើកឡើងថា ដើម្បីដោះស្រាយស្ថានភាពដ៏លំបាកនេះ គឺរាជរដ្ឋាភិបាលបានព្យាយាមធ្វើយ៉ាងណាឲ្យដៃគូទាំងអស់ អាចនាំប្រេងចូលបានតាមរយៈការសម្របសម្រួលនីតិវិធីទាំងអស់ និងការទម្លាក់ពន្ធ និងអាករគ្រប់ប្រភេទ ដើម្បីសម្រួលតម្លៃប្រេង។

សូមជម្រាបថា តម្លៃប្រេងឥន្ធនៈគិតចាប់ពីថ្ងៃី១មេសានេះ ដល់ថ្ងៃមានការជូនដំណឹងថ្មី គឺប្រេងសាំងតម្លៃ ៥៤៥០រៀលក្នុង១រៀល ចំណែកប្រេងម៉ាស៊ូត ៧៥០០រៀលក្នុង១លីត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម