កំណើនប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា បានក្លាយជាផ្នែកមួយនៃការថយចុះការនាំចូលប្រេងឥន្ធនៈ

យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ឲ្យដឹងថា ក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជា បាននាំចូលប្រេងឥន្ធនៈ ក្នុងតម្លៃប្រមាណ ៦០៦លានដុល្លារ ថយចុះ ៧,៥% ធៀបនឹងឆ្នាំ២០២៥។ បើគិតតែក្នុងខែកុម្ភៈ ការនាំចូលប្រេងឥន្ធនៈមានតម្លៃ ៣០២លានដុល្លារ ថយចុះ ៥,៣% បើប្រៀបធៀបនឹងខែកុម្ភៈឆ្នាំមុន។

ការធ្លាក់ចុះនៃការនាំចូលប្រេងឥន្ធនៈនេះ ត្រូវបានអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បញ្ជាក់ថា នោះក៏ដោយសារតែរោងចក្រសហគ្រាសផ្សេងៗ ជាពិសេសយានយន្ត ត្រូវបានជំនួសដោយអគ្គិសនី ខណៈដែលកម្ពុជា អាចផលិតចរន្តអគ្គិសនីបានដោយខ្លួនឯង ពោលគឺគ្របដណ្តប់ដោយថាមពលស្អាត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងដែរថា ក្នុងរយៈពេលចុងក្រោយនេះ ដែលកំពុងមានសង្គ្រាមនៅមជ្ឈិមបូពា បានធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ប្រេងជាសកល ហើយបានកំពុងឡើងថ្លៃ និងបារម្ភទៀតថា នឹងអស់ប្រេងពីស្តុកទៀតផង។ កត្តាមូយនេះហើយ ត្រូវបានគេលើកយកមកអះអាងថា វានឹងក្លាយជា ឱកាសមាសនៃកើនឡើងខ្លាំងរបស់រថយន្តអគ្គិសនី។

កត្តាតម្លៃប្រេងឥន្ធនៈ គឺជាផ្នែកជំរុញដ៏ធំមួយ ប៉ុន្តែវានៅមានកត្តាជាច្រើនទៀត ដែលជួយជំរុញរថយន្តអគ្គិសនី ដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការឧបត្ថម្ភធនពីរដ្ឋាភិបាល ការចំណាយទាបលើការប្រើប្រាស់ និងការថែទាំ និងមិនប៉ះពាល់ដល់បរិស្ថានជាដើម។

បច្ចុប្បន្ននេះ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី មានស្ទើរគ្រប់រាជធានីខេត្តទៅហើយ ហើយបន្តមកទៀត រដ្ឋកាន់តែជំរុញឲ្យមានស្ថានីយសាកនៅតាមទីប្រជុំជនថែមទៀតផង ហើយតម្លៃសាកក៏កាន់តែចុះថោកផងដែរ។ បើគិតត្រឹមចុងឆ្នាំ ២០២៥ កម្ពុជាបានចុះបញ្ជីរថយន្តអគ្គិសនីសរុបជាង ៩ពាន់គ្រឿងហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម