[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត TATA របស់ប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត TATA NEXON ស៊េរីឆ្នាំ ២០២៤ មុខមាតថ្មី ដែលមានតម្លៃលក់ចាប់ពី ៩ ៧៥៤ ដុល្លារ ដល់ ១៨ ៧១២ ដុល្លារ ។
រថយន្តនេះ ដំណើរការដោយម៉ាស៊ីនចំនួន ២ជម្រើសរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ១៧០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៧វគ្គ
- ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៣ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ និងអូតូ ៦វគ្គ ជាមួយរបៀបបើកបរចំនួន ៣ គឺ Eco, City និង Sport ។
សម្រាប់នៅផ្នែកខាងក្រៅរបស់ TATA NEXON ស៊េរីឆ្នាំ ២០២៤ មានបំពាក់ចង្កៀងមុខ Bi-Function LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៦អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៤ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៤ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក JBL ៩ ចំនុច និងកាំមេរ៉ា ៣៦០ ដឺក្រេផងដែរ ៕