
ក្រុមហ៊ុន General Motors បានបញ្ជាក់ថា ម៉ាកយីហោ Chevrolet នឹងបញ្ឈប់ការលក់រថយន្តថ្មីៗនៅក្នុងទីផ្សារប្រទេសចិន។ ម៉ាកយីហោរថយន្ដរបស់សហរដ្ឋអាមេរិក ដែលមានអាយុកាលចំណាស់មួយនៅទីផ្សារប្រទេសចិន ធ្លាប់សម្រេចបាននូវការលក់ប្រចាំឆ្នាំរហូតដល់ទៅជាង ៧៦០ ០០០ គ្រឿង និងទទួលបានម្ចាស់រថយន្តជនជាតិចិនសរុបជាង ៧.៥ លាននាក់នោះ បានបញ្ចប់ប្រតិបត្តិការលក់រាយរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសចិនហើយ ក្រោយពេលដំណើរការអស់រយៈពេលជិត ២១ ឆ្នាំ។
ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន GM បានបំភ្លឺថា ម៉ាកយីហោមួយនេះនឹងបន្តការផលិតនៅក្នុងប្រទេសចិនដដែល ប៉ុន្តែនឹងបង្វែរយុទ្ធសាស្ត្រ ទៅលើការនាំចេញរថយន្តទៅកាន់ទីផ្សារអន្តរជាតិនានា លើកលែងតែទីផ្សារសហរដ្ឋអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍សចុះផ្សាយដោយសារព័ត៌មាន National Business Daily កាលពីថ្ងៃទី ១០ ខែសីហា ក្រុមហ៊ុន GM China បានបញ្ជាក់ថា ក្រុមហ៊ុនសម្ព័ន្ធទុនរួមគ្នារបស់ខ្លួន នឹងរក្សាការផលិតផលិតផល Chevrolet នៅក្នុងប្រទេសចិនបន្តទៀត។ ក្រុមហ៊ុនបានលើកឡើងថា ខ្សែសង្វាក់ផលិតផល Chevrolet នាពេលបច្ចុប្បន្ន គឺសាកសមបំផុតសម្រាប់ឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារនាំចេញ។ ផ្អែកតាមទិន្នន័យពីសមាគមរថយន្តចិន (CPCA) ការនាំចេញរបស់ Chevrolet ពីប្រទេសចិនបានកើនឡើងដល់ ៦ ៩៣០ គ្រឿង នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ឆ្លុះបញ្ចាំងពីការកើនឡើង ៦.៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការសម្រេចចិត្តនេះ គឺស្របទៅនឹងការប្តេជ្ញាចិត្តរយៈពេលវែងដ៏ទូលំទូលាយរវាងក្រុមហ៊ុន GM និងក្រុមហ៊ុន SAIC Motor។ ក្រុមហ៊ុនទាំងពីរទើបតែបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបន្តសុពលភាពជាយុទ្ធសាស្ត្រ ដោយពង្រីកសុពលភាពក្រុមហ៊ុនសម្ព័ន្ធទុនរួមគ្នា SAIC-GM ចំនួន ២០ ឆ្នាំបន្ថែមទៀត រហូតដល់ឆ្នាំ ២០៤៧។ នេះជាការកត់សម្គាល់នូវរយៈពេលបន្តសុពលភាពវែងបំផុតមួយ ក្នុងចំណោមក្រុមហ៊ុនសម្ព័ន្ធទុនរួមគ្នាធំៗនៅក្នុងតំបន់។ លើសពីនេះទៅទៀត ដៃគូទាំងពីរក៏បានប្រកាសពីផែនការបញ្ចេញលក់ម៉ូឌែលរថយន្តថាមពលថ្មី (NEV) យ៉ាងហោចណាស់ចំនួន ៣០ ម៉ូឌែល ត្រឹមឆ្នាំ ២០៣០ ដោយផ្ដោតសំខាន់លើការធ្វើអគ្គិសនីកម្ម សម្រាប់ម៉ាកយីហោ Cadillac និង Buick។




















