
នេះគឺជា Nogo Bondo កំពូលរថយន្ត Monster Truck កែច្នៃដ៏ល្បីល្បាញបំផុតមួយរបស់ប្រទេសឥណ្ឌូនេស៊ី។ ដែលឈ្មោះថា Nogo Bondo នេះ គឺជាការឆ្លុះបញ្ចាំងអំពីអំណាច ការច្នៃប្រឌិត និងតម្លៃសិល្បៈដែលមិនអាចកាត់ថ្លៃបាន។
រថយន្តនេះ គឺត្រូវបានកែច្នៃបង្កើតឡើងដោយក្រុមជាងជំនាញអាជីព Prorock Engineering ដឹកនាំដោយលោក Widodo នៅក្នុងទីក្រុង Solo នៃប្រទេសឥណ្ឌូនេស៊ី។ ដែលនៅក្នុងការបង្កើតរថយន្តនេះ ពួកគេគឺបានចំណាយពេល ២ ខែកន្លះ។

លក្ខណៈពិសេសនៃរថយន្តមួយនេះ គឺត្រូវបានកែច្នៃផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹងរបស់រថយន្ត Toyota Dyna 110ST ដោយផ្នែកកាប៊ីន និងផ្នែកខាងមុខ គឺត្រូវបានយកគំរូតាមរថយន្ត Toyota Land Cruiser FJ 40 Series ប្រភេទ Hardtop ។ រីឯប្រព័ន្ធគ្រឿងក្រោមវិញ គឺប្រើប្រាស់នូវប្រព័ន្ធបើកបរ 4WD ភ្ជាប់ជាមួយប្រអប់លេខដៃ ៥ វគ្គ ដែលមាន Transfer Case របស់រថយន្ត Jeep CJ-7 ។ ម្យ៉ាងទៀត ចំពោះផ្នែកប៉ុងខាងក្រោយទៀតសោត ក៏ត្រូវបានប្តូរទៅប្រើប្រាស់របស់រថយន្ត Nissan Patrol GU រួមជាមួយប្រព័ន្ធបូមប្រភេទ ORI Strut Gen 5 Race ចំនួន ៤ ដើម និងប្រព័ន្ធចង្កូតម៉ាក PSC ដែលអាចទប់ទម្ងន់ឡានមិនឱ្យក្រឡាប់ បើទោះជាបើកផ្អៀងលើចំណោទ ៤៥ ដឺក្រេក៏ដោយ។

មិនតែប៉ុណ្ណោះ រថយន្តនេះ ក៏ត្រូវបានតុបតែងជាមួយសំបកកង់ Off-road ខ្នាតយក្សទំហំ ៤០ អ៊ីញ សម្រាប់លុកផ្លូវខ្សាច់ និងផ្លូវភក់ ដែលមានទំហំធំជាងកង់ឡានធម្មតាដល់ទៅ ៣ ដង ដែលភ្ជាប់ជាមួយថាសកង់ Beadlock ដែលជាថាសកង់ប្រភេទពិសេសជួយទប់មិនឱ្យរបូតសំបកកង់ចេញពីថាស បើទោះបីជាយើងបន្ធូរខ្យល់ចេញអស់ក៏ដោយ។
គួរបញ្ចាក់ថា រថយន្តនេះ គឺប្រើប្រាស់នូវម៉ាស៊ីន Toyota W04D-TP ដែលមានចំណុះ ៤,០លីត្រ ចំនួន ៤ ស៊ីឡាំង ដែលនៅក្នុងសភាពដើមចេញពីរោងចក្រ ម៉ាស៊ីននេះមានកម្លាំងប្រហែល ១០៨ សេះ និងកម្លាំងរមួល ២៨៤ ញូតុនម៉ែត្រ។ ប៉ុន្តែក្រោយមក ត្រូវបានក្រុមជាង Prorock Engineering ដំឡើងប្រព័ន្ធ Intercooler ថ្មី, បំពាក់តម្រងខ្យល់ប្រណាំងប្រភេទ K&N Free Flow, បំពាក់បំពង់ស៊ីម៉ាំងភ្លោះដែលច្នៃឡើងជាពិសេស ធ្វើឲកម្លាំងរបស់វា កើនឡើងជាងមុនទ្វេដង។

សរុបមក ដោយសារតែគំនិតច្នៃប្រឌិត និងការដំឡើងដ៏ល្អឥតខ្ចោះនេះហើយ ទើបរថយន្ត Nogo Bondo មួយគ្រឿងនេះ បានឈ្នះពានរង្វាន់ជាស្តេចរថយន្តកែច្នៃប្រចាំឆ្នាំ (NMAA Ultimate Builder) និងពានរង្វាន់ Top 5 នៅក្នុងព្រឹត្តិការណ៍កែច្នៃរថយន្ត Indonesia Modification Expo ដោយយកឈ្នះគូប្រជែងជាង ១៣០ គ្រឿងផ្សេងទៀត។
មិនតែប៉ុណ្ណោះ រថយន្តនេះ វាថែមទាំងបានក្លាយជាបេក្ខភាពតំណាងជាតិទៅប្រកួតក្នុងកម្មវិធីកម្រិតពិភពលោក Hot Wheels Legends Tour ទៀតផង។ បច្ចុប្បន្ន រថយន្ត Nogo Bondo មួយគ្រឿងនេះ វាគឺត្រូវបានរក្សាទុក និងដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ Making Cars Museum ក្នុងតំបន់ Sukoharjo ដើម្បីទុកជាការបំផុសគំនិតដល់អ្នកស្នេហាវិស័យយានយន្តជំនាន់ក្រោយៗ៕


















