
ក្រុមហ៊ុន BYD បានបញ្ចេញរូបភាពផ្លូវការរបស់រថយន្តអគ្គិសនី Seal 07 ត្រៀមនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ។ រថយន្តនេះត្រូវបានបង្កើតឡើងផ្អែកលើគ្រោងឆ្អឹង e-platform 3.0 Evo និងមានសមត្ថភាពបើកបរបានចម្ងាយរហូតដល់ ៧០៥ គីឡូម៉ែត្រ។ ចំពោះការដាក់សម្ពោធជាផ្លូវការត្រូវបានរំពឹងថានឹងធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។
រថយន្ត BYD Seal 07 EV ប្រើប្រាស់រចនាប័ទ្មប្រហាក់ប្រហែលទៅនឹងរថយន្ដ Seal 07 DM-i ស៊េរីឆ្នាំ២០២៦ មានផ្ទៃខាងមុខជិតអមដោយចង្កៀងមុខរាងស្លីម និងប៉ាណា រាងចតុកោណព្នាយនៅផ្នែកខាងក្រោម។ ក្រឡេកទៅមើលផ្នែកខាងក្រោយមានចង្កៀងលាតសន្ធឹងជាប់គ្នា រួមជាមួយបន្ទះក្រូមឆ្នូតពីលើ ខណៈដៃទ្វារជាប្រភេទដៃទ្វារបង្កប់ក្នុងតួឡាននិងបំពាក់មានដំបូលកញ្ចក់។
ជាមួយគ្នានេះរថយន្ដនេះក៏បានបំពាក់ជាមួយឧបករណ៍ Lidar នៅលើដំបូល ដើម្បីគាំទ្រដល់មុខងារជំនួយការបើកបរកម្រិតខ្ពស់ផងដែរ។ ជាឯកសារយោងផ្អែកលើម៉ូឌែលSeal 07 DM-i ត្រូវបានបំពាក់ដោយប្រព័ន្ធ “God’s Eye” កញ្ចប់ B (DiPilot 300) របស់ BYD។ ដូច្នេះសម្រាប់រថយនន្ដប្រភេទ EV ត្រូវបានរំពឹងថានឹងប្រើប្រាស់ប្រព័ន្ធដូចគ្នា ប៉ុន្តែជាកំណែអាប់ដេតថ្មីដោយបំពាក់ជាមួយប្រព័ន្ធ “God’s Eye” 5.0 ដែlអាចនឹងត្រូវដាក់សម្ពោធក្នុងព្រឹត្តិការណ៍របស់ BYD នៅថ្ងៃទី៥ ខែមីនា ខាងមុខនេះ។
សម្រាប់ទំហំរូបរាងខាងក្រៅរថយន្ត BYD Seal 07 EV មានប្រវែងបណ្តោយ ៤ ៩៩៥ មីលីម៉ែត្រ, ទទឹង ១ ៩១០ មីលីម៉ែត្រ, កម្ពស់ ១ ៤៩៥ មីលីម៉ែត្រនិងប្រវែងចន្លោះកង់មុខក្រោយ ២ ៩០០ មីលីម៉ែត្រ។ បើប្រៀបធៀបទំហំទទឹងរថយន្ដប្រភេទអគ្គិសនីមានទទឹងធំជាងប្រភេទ DM-i ប្រវែង ១០មីលីម៉ែត្រ។
ចំពោះផ្នែកខាងក្នុងកាប៊ីន រថយន្ដនេះបានធ្វើការរចនា និងការរៀបចំនៅតែរក្សាភាពស្រដៀងគ្នាទៅនឹងម៉ូឌែល Seal 07 DM-i ផ្ដល់មកជាមួយដៃចង្កូតពហុមុខងាររាងអក្សរ V, កុងទ័រឌីជីថលប្រភេទ LCD បង្កប់ក្នុងតាប្លូ និងអេក្រង់កម្សាន្ដទំហំ ១៥.៦ អ៊ីញ។ នៅផ្នែកកុងសូលកណ្តាល បានបំពាក់មកជាមួយកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ, កន្លែងដាក់កែវទឹក, ប៊ូតុងបញ្ជាមុខងាររថយន្តមួយជួរ និងប៊ូតុងមូលសម្រាប់បញ្ជាមុខងារផ្សេងៗ៕





















