ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ រថយន្ត Sedan ក្នុងត្រកូល Fang Cheng Bao របស់ក្រុមហ៊ុន BYD ត្រូវបានគេប្រទះឃើញមុនពេលដាក់សម្ពោធជាផ្លូវការ

រថយន្ត Sedan ក្នុងត្រកូល Fang Cheng Bao របស់ក្រុមហ៊ុន BYD ត្រូវបានគេប្រទះឃើញមុនពេលដាក់សម្ពោធជាផ្លូវការ

រថយន្តប្រភេទ Sedan ម៉ូឌែលថ្មីរបស់ប្រេន Fang Cheng Bao (FCB) របស់ក្រុមហ៊ុន BYD ត្រូវបានគេរំពឹងថានឹងដាក់ឈ្មោះថា Mei 7 ត្រូវបានគេប្រទះឃើញនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ក្នុងសភាពបិទស្កុតជិត។ 

ជាមួយគ្នានេះកាលពីពេលថ្មីៗនេះ អគ្គនាយកនៃប្រេន Fang Cheng Bao (FCB) បានបង្ហើបឲ្យដឹងថា នៅឆ្នាំ ២០២៦ ជាឆ្នាំទី ៣ នៃវត្តមានរបស់ប្រេន FCB ក្រុមហ៊ុននឹងដាក់សម្ពោធនូវស្រឡាយរថយន្តប្រភេទ Sedan ស៊េរីថ្មីទាំងស្រុង។ នេះគឺជាការពង្រីកបន្ថែមនូវបញ្ជីផលិតផលបច្ចុប្បន្នរបស់ FCB ដែលមានត្រឹមតែម៉ូឌែល SUV ស្ថិតក្រោមត្រកូល Fang Cheng Bao (សម្រាប់ Off-road) និងត្រកូល Titanium ផ្ដោតលើសម្ការប្រើប្រាស់ក្នុងក្រុងប៉ុណ្ណោះ។

តាមការមើលមួយភ្លែត រថយន្ត Fang Cheng Bao Mei 7 មានរូបរាងទាបប្រភេទ Fastback មានដំបូលជម្រាលទៅក្រោយ ជាមួយនឹងផ្នែកជំហៀងរាងប៉ោងឡើងនៅសងខាងនៃគ្របម៉ាស៊ីន, ដៃទ្វារប្រភេទបង្កប់ពាក់កណ្ដាល (semi-hidden), កន្ទុយក្រោយបែបលោតចេញក្រៅនៅផ្នែកខាងក្រោយ និងប្រព័ន្ធ Lidar នៅផ្នែកខាងមុខ។ ជាមួយលក្ខណៈពិសេសទាំងនេះ បញ្ជាក់ថារថយន្តនេះនឹងត្រូវបានបំពាក់នូវប្រព័ន្ធជំនួយការបើកបរដ៏ឆ្លាតវៃ “God’s Eye” កម្រិតខ្ពស់បំផុតរបស់ BYD។

ស្រដៀងគ្នាទៅនឹងម៉ូដែលផ្សេងទៀតស្ថិតក្រោមប្រេន FCB រថយន្ត Mei 7 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់នូវគ្រោងឆ្អឹងកម្រិតខ្ពស់ Dual Mode Off-road (DMO) Super Hybrid Platform របស់ក្រុមហ៊ុន រួមជាមួយនឹងបច្ចេកវិទ្យាផ្សេងៗទៀត ដូចជាប្រព័ន្ធគ្រប់គ្រងតួខ្លួនវៃឆ្លាត DiSus Intelligent Body Control System ជាដើម។

ក្នុងនាមជារថយន្តប្រភេទ Sedan បែបស្ព័ររបស់ Fang Cheng Bao Mei 7 អាចនឹងមានតម្លៃចន្លោះពី ២៨ ៨០០ ទៅ ៤៣ ២០០ ដុល្លារ។ លើសពីនេះទៅទៀត ទោះបីជាលក្ខណៈបច្ចេកទេសផ្លូវការរបស់ Mei 7 មិនទាន់ត្រូវបានបញ្ចេញក៏ដោយ ប៉ុន្តែមានការសន្និដ្ឋានថា ម៉ូឌែលនេះនឹងប្រើប្រាស់សម្ភារៈដែលធ្វើពីលោហៈធាតុ “ម៉ាញេស្យូម” (Magnesium alloy) ដើម្បីសម្រេចបាននូវទម្ងន់ស្រាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម