ខកចិត្តស្ដូក! Tesla ក្រឡាស់សម្ដីលែងទទួលយកការដោះដូរ Bitcoin ជាមួយរថយន្តខ្លួន

290

លោក Elon Musk បានប្រកាសថាក្រុមហ៊ុន Tesla លែងទទួលយកការទូទាត់រថយន្តជាមួយ Bitcoin តទៀតហើយ ដោយហេតុថា Bitcoin ជារូបិយប័ណ្ណដែលប៉ះពាល់ដល់បរិស្ថានធ្ងន់។ ហើយក្រុមហ៊ុនក៏មិនមានគម្រោងលក់ចេញ Bitcoin ដែលខ្លួនកំពុងកាន់កាប់ផងដែរ។

ដំណឹងនេះបានធ្វើឲ្យតម្លៃ Bitcoin មានការធ្លាក់ចុះជាង ១០% ផងដែរ។ កន្លងមក Tesla និង Elon Musk ទទួលរងការិះគន់ពីសំណាក់សកម្មជនបរិស្ថាន និងអ្នកបណ្ដាក់ទុនមួយចំនួន ចំពោះការសម្រេចចិត្តគាំទ្ររូបិយប័ណ្ណអេឡិចត្រូនិកដែលត្រូវបានជីកយកដោយប្រើប្រាស់ថាមពលអគ្គិសនីច្រើនបំផុត។

ពាណិជ្ជកម្ម

បើផ្អែកតាមការប៉ាន់ស្មានមួយចំនួន ការជីកយក Bitcoin នៅលើសកលោកបានចំណាយថាមពលអគ្គិសនីប៉ុនគ្នានឹងថាមពលអគ្គិសនីដែលប្រទេសណូវែលហ្សឺឡង់ប្រើប្រាស់សរុបក្នុងឆ្នាំ២០១៩។

ត្រឡប់ទៅកាលពីខែកុម្ភៈ Tesla បានប្រកាសឲ្យដឹងថាខ្លួនបានទិញយក Bitcoin ក្នុងទំហំ ១,៥ពាន់លានដុល្លារ ក្រោយពីពួកគេបានប្រកាសថាខ្លួនចាប់ផ្ដើមទទួលយកការទូទាត់រថយន្តជាមួយ Bitcoin។ ដំណឹងនេះបានធ្វើឲ្យតម្លៃ Bitcoin កើនឡើងប្រមាណ ២០% នៅពេលនោះ៕

Sponsored