
នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត នៅជាប់តាមបណ្តោយផ្លូវជាតិលេខ៦ មានដូចជា ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ធ្វើការសាកល្បងបំពាក់ផ្លាកសញ្ញាកាមេរ៉ាចាប់ល្បឿនជាបន្តបន្ទាប់នៅក្នុងខែមិថុនានេះ ក្រោមជំនួយគាំទ្ររបស់ក្រុមហ៊ុន Infra Tech ប្រទេសកូរ៉េ។

សម្រាប់ផ្ទាំងផ្លាកសញ្ញនេះ ត្រូវបានបំពាក់ជាមួយសូឡា រំលេចដោយសញ្ញាកំណត់ល្បឿនអតិបរមា កាមេរ៉ាចាប់ល្បឿន ១០០០ម៉ែត្រ និងល្បឿនយានយន្តរបស់អ្នក ដែលត្រូវបានបង្ហាញក្នុងផ្ទាំងផ្លាកនេះតែម្តង។
ការដំឡើងផ្លាកសញ្ញាកាមេរ៉ាចាប់ល្បឿននេះ គឺដើម្បីជំរុញស្មារតីអ្នកបើកបរក្នុងការប្រើប្រាស់ល្បឿនឲ្យសមស្របតាមច្បាប់ដែលបានកំណត់និងជៀសវាងនូវហានិភ័យមួយចំនួនដែលបង្កឡើងដោយការប្រើប្រាស់ល្បឿនហួសកំណត់។

យោងតាមអនុក្រឹត្យស្តីពី «ការកំណត់ល្បឿនសម្រាប់យានជំនិះ» បានចែងពីលក្ខខណ្ឌសម្រាប់បើកបររថយន្តនៅតាមផ្លូវថ្នល់ រួមមាន៖
១. អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនស្របតាមផ្លាកសញ្ញាកំណត់ល្បឿនអតិបរមានៅតាមដងផ្លូវ។
២. នៅកន្លែងដែលពុំមានផ្លាកសញ្ញាកំណត់ល្បឿន អ្នកបើកបរត្រូវប្រើប្រាស់ល្បឿនអតិបរមា ដូចខាងក្រោម៖
ក. នៅក្នុងទីប្រជុំជនល្បឿនអតិបរមា ត្រូវកំណត់ត្រឹម ៤០គីឡូម៉ែត្រ/ម៉ោង សម្រាប់រថយន្តគ្រប់ប្រភេទ។
ខ. នៅក្រៅទីប្រជុំជន ល្បឿនអតិបរមា ត្រូវកំណត់ត្រឹម ៨០គីឡូម៉ែត្រ/ម៉ោង សម្រាប់រថយន្តធុនស្រាល និងរថយន្តដឹកអ្នកដំណើរ និងអាចបើកបរដល់ល្បឿន ៩០គីឡូម៉ែត្រ/ម៉ោង នៅលើផ្លូវដែលមានខឿនបែងចែកទិសចរាចរណ៍ជាពីរ ហើយមានគន្លងផ្លូវចាប់ពី៤ឡើងទៅ៕

















