គ្រាន់តែចុចប៊ូតុងមួយ រថយន្ត BMW នឹងប្តូរពណ៌តួរខ្លួនបានរហូតដល់ ៣ពណ៌ (មានវីដេអូ)

[ទីផ្សារបរទេស] កាលពីកំឡុងពេលនៃព្រឹត្តិការណ៍ពិពរណ៍អេឡិចត្រូនិចដ៏ធំ CES ឆ្នាំ២០២២ ក្រុមហ៊ុន BMW បានធ្វើការបង្ហាញចេញមុខងារដ៏ពិសេសមួយដែលគួរអោយចាប់អារម្មណ៍បំផុត ដែលមុខងារនោះអាចអនុញ្ញាតឲ្យរថយន្តធ្វើការផ្លាស់ប្តូរពណ៌តួរខ្លួនខាងក្រៅរបស់រថយន្ត ដោយផ្លាស់ប្តូរពីពណ៌ស ទៅពណ៌ប្រផេះ និងពណ៌ខ្មៅ បានយ៉ាងឆាប់រហ័ស ដោយគ្រាន់តែចុចប៊ូតុងមួយ។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះ បានហៅបច្ចេកវិទ្យានេះថា E Ink ដែលបកប្រែប្រហែលថាជាទឹកថ្នាំអេឡិចត្រូនិច នៅពេលទទួលបានគំនិតក្នុងការបង្កើតពីសៀវភៅអេឡិចត្រូនិច e-books ដោយអាចប្តូរទៅមករវាងពណ៌ស និងខ្មៅ ដោយផ្អែកទៅលើអារម្មណ៍ ឬលក្ខខណ្ឌអាកាសធាតុ។

ពាណិជ្ជកម្ម

ទឹកថ្នាំដំណើរការដោយប្រើបច្ចេកវិទ្យា electrophoretic នៅពេលសញ្ញាអគ្គិសនីត្រូវបានជម្រុញ សារធាតុពណ៌ផ្សេងគ្នាចូលមកលើផ្ទៃ ដែលបណ្តាលឱ្យតួរខ្លួនរថយន្តផ្លាស់ប្តូរពណ៌។ ការប្តូរពណ៌ត្រូវការថាមពលតិចតួចប៉ុណ្ណោះ ដើម្បីឱ្យរថយន្តផ្លាស់ប្តូរពណ៌។

លោក Frank Weber ប្រធានផ្នែកអភិវឌ្ឍន៍នៅ BMW បាននិយាយថា “បទពិសោធន៍ឌីជីថលនឹងមិនត្រូវបានកំណត់ត្រឹមតែការបង្ហាញពេលវេលានាពេលអនាគតនោះទេ” ។ “វានឹងមានការលាយបញ្ចូលគ្នាកាន់តែច្រើនឡើងនៃការពិត និងនិម្មិត។ ជាមួយនឹង BMW iX Flow យើងកំពុងនាំយកតួរថយន្តឲ្យមានជីវិត។

គួរបញ្ជាក់ផងដែរថា BMW E Ink នេះកំពុងស្ថិតក្នុងគម្រោងនៃការស្រាវជ្រាវ និងការរចនា របស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នេះប៉ុណ្ណោះ៕

Sponsored