នៅទីផ្សារអន្តរជាតិ រថយន្ត Bugatti Chiron Pur Sport មានដាក់លក់តម្លៃប្រមាណ ៣,៦លានដុល្លារ ហើយវាមានផលិតត្រឹម៦០គ្រឿងប៉ុណ្ណោះសម្រាប់ទីផ្សារពិភពលោក។
អំឡុងពេលដែលទៅដល់ទីតាំងលក់រថយន្ត Bugatti ផ្លូវការនៅសិង្ហបុរី បុរសម្នាក់ឈ្មោះថា Muhammad Al Qawi Zamani ដែលជាអ្នកផ្សព្វផ្សាយដំណឹងពីរថយន្ត បានមានឪកាសសិក្សាអំពីថ្លៃថែទាំរថយន្ត Chiron Pur Sport ដើម្បីឲ្យវានៅមានលក្ខណៈសម្បត្តិល្អ។
តាមនោះដែរ ការប្ដូរប្រេងសម្រាប់ម៉ាស៊ីន ១៦ស៊ីឡាំង ចំណុះ៨,០លីត្រ របស់រថយន្តនេះគឺត្រូវចំណាយអស់ប្រមាណ ២៥ ០០០ដុល្លារ ដែលត្រូវប្ដូររៀងរាល់ ១៤ខែម្ដង ឬពេលជិះបានចម្ងាយ ១៦ ០០០គីឡូម៉ែត្រ។
ដោយឡែកចំពោះប្រព័ន្ធហ្វ្រាំង ស្បែកហ្វ្រាំងខាងមុខនឹងត្រូវអស់ទឹកប្រាក់ប្រមាណ ៤៩ ៧០០ដុល្លារ ពេលដែលត្រូវប្ដូរ, ដុំហ្វ្រាំងមានតម្លៃប្រមាណ ៩ ០០០ដុល្លារ ខណៈដែលការប្ដូរប្រេងហ្វ្រាំងគឺត្រូវចំណាយប្រមាណ ៥៩ ០០០ដុល្លារ។
ចូលដល់ផ្នែកដែលមានអាយុកាលវែងចាប់ពី ៤២ ទៅ ៤៨ខែ ដូចជាតម្រងខ្យល់មានតម្លៃប្រមាណ ២២ ០០០ដុល្លារ, Turbocharger មានតម្លៃប្រមាណ ២៦ ០០០ដុល្លារ, ធុងប្រេងមានតម្លៃប្រមាណ ៤៤ ០០០ដុល្លារ, ផ្ទាំងកញ្ចក់មុខមានតម្លៃប្រមាណ ៥៩ ៨៥៥ដុល្លារ, ផ្លិតទឹកមានតម្លៃប្រមាណ ៣ ៨០០ដុល្លារ, ការត្រួតពិនិត្យម៉ាស៊ីនដើម្បីធានាថាមានសមត្ថភាពល្អមានតម្លៃប្រមាណ ២៨ ៦០០ដុល្លារ ហើយការលាបពណ៌ទឹកថ្នាំឡើងវិញត្រូវចំណាយប្រមាណ ៥៥ ០០០ដុល្លារ។
ជារួមទៅ ថ្លៃថែទាំរថយន្ត Chiron Pur Sport ក្នុងអំឡុងរយៈពេល៤ឆ្នាំ នឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ ៣៨០ ០០០ដុល្លារ ដោយមិនទាន់គិតបញ្ចូលកម្រៃបន្ថែមផ្សេងៗនៅឡើយទេ៕