[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត MG Motor India បានធ្វើការប្រកាសដាក់បង្ហាញបញ្ចេញជាផ្លូវការនូវរថយន្តអគ្គិសនី MG Windsor ប្រភេទ MPV ដែលមានតម្លៃលក់ចាប់ពី ២៣ ៨០០ ដុល្លារ ដល់ ៣០ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសឥណ្ឌាផ្ទាល់។
រថយន្តអគ្គិសនី MG Windsor ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ វិលកង់មុខ ផលិតកម្លាំងបាន ១៣៦ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៧,៩ និង ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ពី ៤០០ ទៅ ៤៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៊ីញ ក៏ដូចជាកន្លែងសាកថ្មឥតខ្សែ អំពូល ambient lighting ដំបូលកញ្ជក់ panoramic sunroof រួមជាមួយមុខងារទម្លាក់ទម្លើងកៅអីមុខ-ក្រោយ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនដូចជា ពោងសុវត្ថិភាពចំនួន ៦ចំនុច មុខងារគ្រប់គ្រងលំនឹងឡាន មុខងារត្រួតពិនិត្យសម្ពាធសំបកកង់ ហ្វ្រាំងអូតូ និងកាមេរ៉ា ៣៦០ ជាដើម៕