
ការថែទាំរថយន្តអគ្គិសនី គឺចំណាយតិចជាងរថយន្តចំហេះក្នុង ដោយសារវាមានគ្រឿងបង្គុំតិចជាង។ រថយន្តចំហេះក្នុងគឺប្រើម៉ាស៊ីន ដែលមានគ្រឿងបង្គុំច្រើន និងតម្រូវឲ្យមានការផ្លាស់ប្តូរប្រេងម៉ាស៊ីនទៀងទាត់ ខុសពីរថយន្តអគ្គិសនី ដែលមិនចាំបាច់ត្រូវប្តូរប្រេងនេះឡើយ។
យ៉ាងណាមិញ សម្រាប់ប្រេង និងទឹកផ្សេងៗ ក្នុងរថយន្តអគ្គិសនី គឺតម្រូវឲ្យមានការផ្លាស់ប្តូរទៀតទាត់ដូចរថយន្តចំហេះក្នុងដែរ រួមមានដូចខាងក្រោម:
- ប្រេងប្រអប់លេខ
ប្រេងនេះ មានតួនាទីសំខាន់ណាស់ក្នុងការរំអិលកាត់បន្ថយការកកិត និងរក្សាកម្តៅរបស់ប្រអប់លេខ ដោយសារតែរថយន្តអគ្គិសនី មានកម្លាំងបង្វិលខ្ពស់ក្នុងល្បឿនទាប។
- ប្រេងហ្វ្រាំង
រថយន្តអគ្គិសនីប្រើប្រព័ន្ធហ្វ្រាំងដូចតែគ្នាទេ គ្រាន់តែភាគច្រើនវាបន្ថែមមុខងារជាន់ហ្វ្រាំងសាកថាមពលឡើងវិញ (Regenerative Braking)។ យ៉ាងណាមិញ វាតម្រូវឲ្យមានការផ្លាស់ប្តូរប្រេងហ្វ្រាំងដូចគ្នា តាមការប្រើប្រាស់ជាក់ស្តែង ឬតាមការកំណត់ចំនួនគីឡូជាដើម។
- ទឹកស្អំ
សម្រាប់រថយន្តសាំង គឺត្រូវមានប្រេងម៉ាស៊ីន និងទឹកស្អំ ដើម្បីរក្សាកម្តៅម៉ាស៊ីន មិនឲ្យឡើងខ្លាំងជ្រុល។ ដោយឡែកសម្រាប់រថយន្តអគ្គិសនី ទឹកស្អំគឺពិតជាមិនអាចខ្វះបានឡើយសម្រាប់ស្អំអាគុយ។ ទឹកស្អំ មិនត្រឹមតែជួយការពារអាគុយ កុំឲ្យឡើងកម្តៅខ្លាំងប៉ុណ្ណោះទេ តែក៏ជួយបង្កើនអាយុកាលរបស់វាផងដែរ។
- ទឹកបាញ់កញ្ចក់
ទាំងរថយន្តអគ្គិសនី និងរថយន្តសាំង គឺមានធុងទឹកបាញ់កញ្ចក់ដូចគ្នា ហើយវាងាយស្រួលពិនិត្យមើលណាស់ ដោយអ្នកគ្រាន់តែចាក់ទឹកសាប៊ូសម្រាប់បាញ់កញ្ចក់រថយន្តឲ្យពេញធុង ជាការស្រេច។
ក្រៅពីនេះ រថយន្តអគ្គិសនី ក៏តម្រូវឲ្យមានការផ្លាស់ប្តូរតម្រងម៉ាស៊ីនត្រជាក់ សំបកកង់ និងអាគុយ 12v ដូចរថយន្តសាំងទៅតាមស្ថានភាព និងអាយុកាលរបស់វាផងដែរ៕