ដឹងពេលដែលឡាន Rolls-Royce អត់ប្រើសាំងដំបូងបង្អស់ អាចបង្ហាញខ្លួនហើយ!

ស្របពេលដែលទីក្រុងធំៗជាង ២០ នៅទូទាំងពិភពលោក បានប្រកាសពីគម្រោងហាមឃាត់រថយន្តប្រើសាំង និងម៉ាស៊ូត ពីទឹកដីរបស់ខ្លួនទាំងស្រុង នៅឆ្នាំ២០៣០ ក្រុមហ៊ុនផលិតរថយន្តត្រូវតែដើរឲ្យទាន់ពេលនោះ។

ជាក់ស្តែង Rolls-Royce ដែលបានទទួលស្គាល់ថា ខណៈមិនទាន់មានតម្រូវការសម្រាប់កំពូលរថយ្តអគ្គិសនីប្រណីត ពួកគេនៅតែត្រូវការផលិតវា ដើម្បីត្រៀមសម្រាប់ការហាមឃាត់នោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលក្រុមហ៊ុនរថយន្តជាច្រើនបានបញ្ចេញរថយន្ត Hybrid និង Plug-in Hybrid មកបណ្តើរៗ មុនពេលចេញរថយន្តអគ្គិសនី ក្រុមហ៊ុន Rolls-Royce ឯណេះវិញ នឹងរំលងប្រភេទរថយន្តទាំងនោះ ហើយចាប់ផ្តើមចេញរថយន្តអគ្គិសនីយកតែម្តង។

គេជឿជាក់ថា រថយន្ត Rolls-Royce ប្រើអគ្គិសនីនឹងជំនួសកន្លែង Wraith និង Dawn ដែលកំពុងខិតជិតដល់ថ្ងៃអវសានរបស់ខ្លួន ហើយអាចនឹងប្រើគ្រោងឆ្អឹងដូចម៉ូដែលដទៃបច្ចុប្បន្ន។

គួរឲ្យដឹងថា Rolls-Royce បានបង្ហាញពីគំនិត និងគម្រោងផលិតរថយន្តអគ្គិសនី តាំងពីជាង១០ឆ្នាំមុនម្ល៉េស ដោយបានដាក់បង្ហាញគំរូរថយន្ត Rolls-Royce 102EX Concept ក្នុងកម្មវិធី 2011 Geneva Motor Show ដែលផលិតផ្អែកតាមម៉ូដែល Phantom។ 102EX Concept មានចម្ងាយបើកបរ ២០០គីឡូម៉ែត្រ និងកម្លាំង ៣៨៩សេះ ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម