
ក្រុមហ៊ុន DEEPAL បានដាក់ប្រកាសដាក់លក់ជាផ្លូវការនូវរថយន្ត SUV បែប Off-Road ម៉ូឌែល G318 បំពាក់មកជាមួយប្រព័ន្ធបូម (Adaptive Suspension) នៅក្នុងប្រទេសអារ៉ាប់រួម ជាមួយតម្លៃចាប់ពី ៣៥ ៣៧០ ដុល្លារ។
រថយន្ដ DEEPAL G318 EREV ជាម៉ូឌែលរថយន្ដទី ៣ របស់ក្រុមហ៊ុន DEEPAL ដែលមានវត្ដមាននៅទីផ្សារប្រទេសអារ៉ាប់រួម (UAE) បន្ទាប់ពីពួកគេបានការដាក់លក់ជាផ្លូវការនូវ S05 និង S07 កាលពីពេលថ្មីៗនេះ។ ការដាក់លក់រថយន្ដបន្ថែមរបស់ក្រុមហ៊ុន DEEPAL គឺជាការបោះជំហានទៅមុខ នៃគោលដៅលក់ប្រចាំតំបន់របស់ក្រុមហ៊ុនមេ Changan Automobile ក្នុងការពង្រីកម៉ាក់យីហោផលិតផលយានយន្តអគ្គិសនីរបស់ខ្លួន នៅក្នុងតំបន់មជ្ឈិមបូព៌ា។
រថយន្ត DEEPAL G318 ប្រើប្រាស់នូវបច្ចេកវិទ្យាប្រភេទ Range-Extended Electric Vehicle (REEV) ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយលើបញ្ហារបស់អតិថិជន ដែលមិនចូលចិត្តរងចាំការសាកថ្ម។ បច្ចេកវិទ្យា REEV បានប្រើប្រាស់ម៉ាស៊ីនសាំងដើរតួជាម៉ាស៊ីនភ្លើងដើម្បីសាកថ្មរថយន្ដនិងបញ្ជូលថាមពលទៅម៉ូទ័រអគ្គិសនីឲ្យដំណើរការ។
យោងតាមក្រុមហ៊ុន DEEPAL រថយន្ដប្រភេទ EREV នឹងជួយសម្រួលដល់ការដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងការធ្វើដំណើរផ្លូវឆ្ងាយឆ្លងកាត់ស្ថានភាពផ្លូវចម្រុះ ស័ក្ដិសមបំផុតក្នុងការប្រើប្រាស់នៅក្នុងប្រទេសអារ៉ាប់រួម។
លោក Xiao Feng អគ្គនាយករបស់ក្រុមហ៊ុន Changan Automobile ប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកបានមានប្រសាសន៍ថា៖ «រថយន្ត G318 ឆ្លុះបញ្ចាំងពីវិធីសាស្ត្ររបស់យើងក្នុងការអភិវឌ្ឍយានយន្ត ដែលឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការធ្វើដំណើរ ព្រមទាំងចូលរួមចំណែកក្នុងការផ្លាស់ប្តូរទៅរកការដឹកជញ្ជូនដែលមានការបំភាយឧស្ម័នទាប»។
រូបរាងខាងក្រៅរបស់រថយន្តនេះ ត្រូវបានរចនាឡើងតាមទម្រង់ Meteorolite Cutting រចនាបែបដុំអាចម៍ផ្កាយ របស់ DEEPAL ដែលមានលក្ខណៈពិសេសត្រង់ខ្សែបន្ទាត់បែបធរណីមាត្រ និងតួខ្លួនខ្ពស់ សាកសមបំផុតសម្រាប់ក្នុងនាមជារថយន្តប្រភេទ SUV បែប Off-Road។
សម្រាប់កម្រិតសមត្ថភាពវិញ DEEPAL G318 EREV ដំណើរដោយម៉ាស៊ីនសាំងចំណុះ ១.៥ លីត្រ Turbo ដើរតួជាម៉ាស៊ីនភ្លើងដើម្បីសាកថ្មនិងផ្ដល់ថាមពលទៅឲ្យម៉ូទ័រអគ្គិសនីដើម្បីដំណើររថយន្ដ។ រថយន្ដនេះក៏ផ្ដល់មកជាមួយជម្រើសប្រើប្រាស់ទាំងម៉ូទ័រអគ្គិសនីចំនួន១និងចំនួន២។ ក្នុងនោះប្រភទប្រើប្រាស់ម៉ូទ័រអគ្គិសនី១ (RWD) អាចផលិតកម្លាំង ១៨៥ គីឡូវ៉ាត់ (២៤៨ សេះ) ខណៈម៉ូឌែលប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួន២ (AWD) អាចផលិតកម្លាំង ៣១៦ គីឡូវ៉ាត់ (៤២៤ សេះ)។
បន្ថែមពីនេះ DEEPAL G318 EREV បានបំពាក់មកជាមួយអាគុយទំហំ ៣៥ គីឡូវ៉ាត់ម៉ោង (kWh) អាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានជាង ១០០ គីឡូម៉ែត្រ ខណៈបើសាំងលាយអគ្គិសនីអាចបើកបរបានចម្ងាយជាង ១ ០០០គីឡូម៉ែត្រ។ សម្រាប់សន្ទះល្បឿនវិញរថយន្ដនេះ អាចស្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ៦.៣ វិនាទី៕
























