
នេះគឺជាដំណើរសាច់រឿងរបស់លោក Mate Rimac ដែលជា CEO របស់ក្រុមហ៊ុន Bugatti Rimac ។ លោក Mate Rimac កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៨៨ នៅទីក្រុង Livno ប្រទេសបូស្នី បន្ទាប់មកបានផ្លាស់ទៅរស់នៅប្រទេសក្រូអាត។

កាលពីតូច គាត់គឺជាក្មេងដែលចូលចិត្តបង្កើតអ្វីថ្មីៗ និងស្រឡាញ់គ្រឿងម៉ាស៊ីនយ៉ាងខ្លាំង។ នៅអាយុ ១៩ ឆ្នាំ គាត់បានទិញរថយន្ត BMW 3 Series (E30) ស៊េរីឆ្នាំ ១៩៨៤ មួយគ្រឿង យកមកបើកបរប្រណាំង ប៉ុន្តែដោយសារម៉ាស៊ីនរថយន្តរបស់គាត់បានផ្ទុះ ហើយគ្មានប្រាក់ទិញម៉ាស៊ីនថ្មី គាត់ក៏បានសម្រេចចិត្តដោះម៉ាស៊ីនចោល រួចយកម៉ូទ័រ និងអាគុយ មកច្នៃធ្វើជារថយន្តអគ្គិសនីតែម្តង។ ដំបូងឡើយ មនុស្សជាច្រើនបាននាំគ្នាសើចចំអកឱ្យគាត់ ប៉ុន្តែបន្ទាប់ពីឃើញថារថយន្ត BMW ដែលគាត់បានកែច្នៃនោះមានដំណើរការល្អ នៅពេលលោកមានអាយុ ២១ ឆ្នាំ លោកក៏សម្រេចចិត្តចុះបញ្ជីបង្កើតនូវក្រុមហ៊ុនផលិតរថយន្តមួយដែលគ្រប់គ្នាស្គាល់ថា Rimac Automobili នេះឯង ដើម្បីស្រាវជ្រាវ និងបន្តអភិវឌ្ឍរថយន្ត BMW នោះឱ្យកាន់តែខ្លាំង។
នៅទីបំផុត ក្រោយពីឆ្លងកាត់ការកែច្នៃជាច្រើនលើក រថយន្ត BMW អគ្គិសនីដែលគាត់ហៅថា Green Monster ឬ Rimac e-M3 នេះ ក៏បានបំបែកកំណត់ត្រាពិភពលោក Guinness World Records ជាផ្លូវការ នៅក្នុងឆ្នាំ ២០១១ ដោយក្លាយជារថយន្តអគ្គិសនីដែលស្ទុះបានលឿនបំផុតលើលោក ពោលគឺអាចរត់ពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ប្រើពេលតែ ៣.៣ វិនាទីប៉ុណ្ណោះ។
ក្នុងឆ្នាំ ២០១១ ដដែល បន្ទាប់ពីបានបំបែកនោះ គាត់ក៏បានបញ្ចេញរថយន្តអគ្គិសនី Hypercar ផ្ទាល់ខ្លួនដំបូងបង្អស់ ឈ្មោះថា Concept One ដែលជារថយន្តអគ្គិសនីលឿនបំផុតលើលោកនាពេលនោះផងដែរ។
ដោយសារតែសមត្ថភាពនេះហើយ បានធ្វើឱ្យក្រុមហ៊ុនយក្សជាច្រើនដូចជា Porsche AG បានចូលមកទិញភាគហ៊ុនក្រុមហ៊ុនរបស់គាត់។ បន្ទាប់មក នៅក្នុងឆ្នាំ ២០២១ ក្រុមហ៊ុន Volkswagen Group ដែលជាម្ចាស់ Bugatti បានសម្រេចចិត្តប្រគល់ម៉ាករថយន្តលំដាប់អភិជន Bugatti ទៅឱ្យលោក Mate Rimac គ្រប់គ្រង ដោយបង្កើតជាក្រុមហ៊ុនរួមគ្នាមួយឈ្មោះ Bugatti Rimac ។ ពោលគឺនៅក្នុងឆ្នាំ ២០២១ ក្នុងវ័យត្រឹមតែ ៣៣ ឆ្នាំប៉ុណ្ណោះ លោកត្រូវបានគេតែងតាំងជា CEO នៃសម័្ពន្ធក្រុមហ៊ុន Rimac Group ដែលកាន់កាប់ភាគហ៊ុន ៥៥% លើ Bugatti Rimac និងគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យា Rimac Technology ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធអគ្គិសនីឱ្យក្រុមហ៊ុនឡានល្បីៗដូចជា Aston Martin, Koenigsegg និង Porsche។

ស្នាដៃចុងក្រោយបង្អស់របស់លោករួមមានរថយន្ត Rimac Nevera ដែលជារថយន្តអគ្គិសនីសុទ្ធដែលបំបែកកំណត់ត្រាជាង ២០ កំណត់ត្រា និងរថយន្ត Bugatti Tourbillon ដែលជារថយន្ត Hypercar ជំនាន់ថ្មីដែលប្រើម៉ាស៊ីន V16 ដែលទើបតែបញ្ចេញរូបរាងថ្មីៗនេះឯង។ បច្ចុប្បន្ន លោក Mate Rimac ត្រូវបានគេអះអាងថា គឺជាមហាសេដ្ឋីលំដាប់ទី ២ នៅក្នុងប្រទេសក្រូអាត ជាមួយនឹងទ្រព្យសម្បត្តិជាង ២ពាន់លានដុល្លារឯណ្ណោះ៕















