
នេះជារឿងរ៉ាវដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់លោក Richard Symons ដែលជាអ្នកផលិតមាតិកាយូធូបដ៏ល្បីម្នាក់នៅចក្រភពអង់គ្លេស ដោយលោកគឺបានទិញនូវរថយន្ត Tesla Model 3 Long Range ស៊េរីឆ្នាំ២០២១ មួយគ្រឿង ដែលមានប្រវត្តិធ្លាប់ជាឡានតាក់ស៊ី ដែលរថយន្តនេះគឺត្រូវបានប្រើប្រាស់រហូតដល់ទៅ ២៤៥,០០០ ម៉ាយល៍ ឬ ៣៩៤,០០០ គីឡូម៉ែត្រឯណ្ណោះ។
ក្នុងនោះ ដើម្បីដឹងថាឡានចាស់នេះ នៅខ្លាំងកម្រិតណា លោក Richard គឺបានយកឡាននេះទៅបើកបរនៅលើផ្លូវក្នុងចម្ងាយប្រមាណ ១,៣០០ ម៉ាយល៍ ឬ ២,០៩០ គីឡូម៉ែត្រ ក្នុងរយៈពេលមួយសប្តាហ៍ ដើម្បីតេស្តស្ទុងសមត្ថភាពរបស់វា។
ជាលទ្ធផល អ្វីដែលគេភ្ញាក់ផ្អើលនោះ បើទោះបីជាឡាននេះធ្លាប់មានប្រវត្តិជាឡានតាក់ស៊ីក៏ដោយ ក៏ប៉ុន្តែវាគឺនៅតែអាចដំណើរការ និងកាន់ថ្មបានល្អ ពោលគឺ នៅក្នុងការធ្វើដំណើរចំនួន ២ពាន់គីឡូម៉ែត្រនេះ ឡាននេះ គឺចំណាយលុយថ្លៃសាកភ្លើងសរុបត្រឹមតែ ៤៨ ផោន ឬប្រហែល ៦១ ដុល្លារប៉ុណ្ណោះ។

គួរបញ្ជាក់ថា សម្រាប់រថយន្ត Tesla Model 3 Long Range ស៊េរីឆ្នាំ២០២១ មួយគ្រឿងនេះ វាគឺនៅតែបន្តប្រើប្រាស់នូវអាគុយដើម ម៉ូទ័រដើម និងដុំហ្វ្រាំងដើមដដែល។ ចំណែកអាគុយរបស់វាវិញ គឺនៅសល់ភាគរយរហូតដល់ទៅ ៨៩% ឯណ្ណោះ ពោលគឺស្ទើរតែគ្មានធ្លាក់ចុះសមត្ថភាពនោះឡើយ។
សរុបមក រឿងរ៉ាវនេះបានបង្ហាញឱ្យឃើញច្បាស់ថា ឡានអគ្គិសនីមិនត្រឹមតែធន់មាំសម្រាប់ការប្រើប្រាស់រយៈពេលវែងនោះទេ ប៉ុន្តែវាក៏ថែមទាំងជួយសន្សំលុយបានយ៉ាងច្រើនផងដែរ៕
ទស្សនាវីដេអូ https://www.facebook.com/reel/2153316465522121



















