ក្រុមហ៊ុន Tesla បានចេញផ្សាយរបាយការណ៍ស្តីពីសុវត្ថិភាពទាក់ទងនឹង Autopilot របស់ខ្លួនសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០២១ ហើយលទ្ធផលបានជំរុញឱ្យ Elon Musk អះអាងថារថយន្ត Tesla ជាមួយបច្ចេកវិទ្យា Autopilot មានឱកាសគ្រោះថ្នាក់តិចជាងរថយន្តធម្មតាជាមធ្យម ១០ ដង។ នៅក្នុងរបាយការណ៍សុវត្ថិភាពរបស់ខ្លួនក្រុមហ៊ុន Tesla បានបង្ហាញថាខ្លួនបានចុះបញ្ជីគ្រោះថ្នាក់មួយសម្រាប់រាល់ ៤,១៩ លានម៉ាយល៍ដែលបើកបរដោយម្ចាស់រថយន្តដែលមាន Autopilot បានចូលរួម។ សម្រាប់អ្នកដែលបើកបរមិនមាន Autopilot ប៉ុន្តែមានមុខងារសុវត្ថិភាពបញ្ជៀសគ្រោះថ្នាក់ (active safety) គឺមានគ្រោះថ្នាក់ចំនួន ១លើក ដែលបានចុះបញ្ជើរគ្រោះថ្នាក់ក្នុងរយៈចម្ងាយ ២,០៥លានម៉ាយល៍។ រីឯអ្នកបើកបររថយន្តរបស់ Tesla មិនថាបច្ចេកវិទ្យា Autopilot ឬមុខងារសុវត្ថិភាព (active safety) គឺមានគ្រោះថ្នាក់ ១លើកដែរតែក្នុងរយៈចម្ងាយ ៩៨៧ ០០០ម៉ៃយល៍។
បើយោងតាមទិន្នន័យរបស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិអាមេរិច NHTSA បានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្តបានកត់សម្គាល់ថាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅរៀងរាល់រយៈចម្ងាយ ៤៨៤,០០០ ម៉ាយល៍។ ការបង្ហាញនេះហើយទើបជំរុញអោយស្ថាបនិក Tesla លោក Elon Musk និងបណ្តារសារព័ត៌មានបានធ្វើការប្រកាស និងអះអាងថារថយន្តរបស់ ក្រុមហ៊ុន Tesla ដែលកំពុងដំណើរការបច្ចេកវិទ្យា Autopilot មានគ្រោះថ្នាក់តិចជាងរថយន្តធម្មតាចំនួន ១០ ដង។
Tesla with Autopilot engaged now approaching 10 times lower chance of accident than average vehicle https://t.co/6lGy52wVhC
— Elon Musk (@elonmusk) April 17, 2021
ទោះជាយ៉ាងនេះក្តី អ្វីដែល Tesla វិភាគមិនត្រឹមត្រូវនោះទេ ដោយសារតែអ្វីដែលអ្នកបើកបរប្រើប្រាស់ចំម្បង Autopilot នោះគឺនៅលើផ្លូវល្បឿនលឿនហាយវ៉េ ប៉ុន្តែទិន្នន័យរបស់ NHTSA គឺមិនបានបែងចែកថាប៉ុន្មានភាគរយជាគ្រោះថ្នាក់លើផ្លូវល្បឿនលឿនហាយវ៉េនោះឡើយ ព្រោះវាជាទិន្នន័យរួមមួយនៃគ្រោះថ្នាក់។ គេហទំព័រ Electrek បានបង្ហាញថាគ្រោះថ្នាក់ដែលកើតមានច្រើនជាងគេនោះគឺនៅលើផ្លូវក្នុងទីក្រុង និងគ្មានគំនូសបែងចែកផ្សេង ហេតុនេះការប្រៀបធៀបរបស់ Tesla ទៅនឹងទិន្នន័យរបស់ NHTSA គឺមិនត្រឹមត្រូវឡើយ។
បន្ថែមពីលើនេះទៀត បើធៀបទៅនឹងទិន្នន័យដែលបានចុះបញ្ជើរគ្រោះថ្នាក់របស់ Tesla កាលពីត្រីមាសទី១ ឆ្នាំ២០២០ គឺអាចជិះបានរហូតដល់ទៅ ៤,៦៨លានម៉ៃយល៍ឯនោះ គឺល្អជាងត្រីមាសទី១ នៃឆ្នាំ២០២១។ ហេតុនេះហើយ Electrek នៅតែបង្ហាញថា ទិន្នន័យនៃការប្រៀបធៀបរបស់ Tesla គឺមិនទាន់បានគ្រប់ជ្រុងជ្រោយនៅឡើយទេ។