ចំពោះអ្នកចូលចិត្តរថយន្ត Ford Bronco Raptor ប្រាកដជាសប្បាយចិត្ត ខណៈលោក Jim Farley ដែលជា CEO ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ បានបង្ហាញថា វានឹងមានកម្លាំងខ្លាំងជាងការប៉ាន់ស្មានពីមុនទៅទៀត។
គួររំលឹកឲ្យដឹងថា Ford ធ្លាប់បានអះអាងថា SUV ដែលប្រើម៉ាស៊ីន twin-turbo ចំណុះ ៣,០លីត្រ EcoBoost V6 នេះ នឹងបង្កើតកម្លាំងបានជាង ៤០០សេះ ហើយឥឡូវនេះតួលេខផ្លូវការបានចេញមកហើយ គឺ ៤១៨សេះ និងកម្លាំងរមួល ៥៩៦ញ៉ូតុនម៉ែត្រ។
បើប្រៀបធៀបទៅ រថយន្ត Ford Bronco ម៉ូដែលស្តង់ដារ ប្រើម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និងកម្លាំងរមួល ៤៤០ញ៉ូតុនម៉ែត្រ។ វាផ្តល់ជម្រើសម៉ាស៊ីន EcoBoost V6 ចំណុះ ២,៧លីត្រ កម្លាំង ៣៣០សេះ និងកម្លាំងរមួល ៥៦២ញ៉ូតុនម៉ែត្រដែរ។
តាមរយៈតួលេខនេះ រថយន្ត Bronco Raptor នឹងក្លាយជាគូប្រជែងរបស់ Jeep Wrangler Rubicon 392 ដែលប្រើម៉ាស៊ីនចំណុះ ៦,៤លីត្រ V8 មានកម្លាង ៤៧០សេះ និងកម្លាំងរមួល ៦៣៧ញ៉ូតុនម៉ែត្រ។
ទោះបីជាយ៉ាងណាក៏ដោយ Bronco Raptor មានបំពាក់លក្ខណៈពិសេសមួយចំនួន ដូចជា ការឌីហ្សាញរូបរាង, សាក់ស៊ីរឹងមាំជាងមុន, បូមខ្លាំងជាងមុន, សម្បកកង់ ៣៧អ៊ីញ និង កម្ពស់ពីបាតក្រោមទៅដី ៣៣៣មីល្លីម៉ែត្រ ជាដើម៕