[បរទេស] បន្ទាប់ពីការពន្យារពេលក្នុងការដាក់បង្ហាញរថយន្ត ដើម្បីអាប់ដែតនៅរថយន្តរបស់ពួកគេ ពេលនេះ VinFast បានបំបែកខ្លួនជាផ្លូវការទៅកាន់ទីផ្សារអាមេរិកខាងជើងជាមួយនឹងការចែកចាយរថយន្ត SUV អគ្គិសនី VF 8 ជាលើកដំបូងរបស់ពួកគេ ដោយបានប្រគល់រថយន្តចំនួន ៤៥ គ្រឿងជូនអតិថិជននៅរដ្ឋកាលីហ្វ័រញ៉ា ។
កាលពីខែធ្នូឆ្នាំមុន រថយន្តអគ្គិសនី VF 8 City Edition ទាំង ៩៩៩ គ្រឿងត្រូវបាននាំចេញទៅសហរដ្ឋអាមេរិកពីប្រភពដើមនៃការផលិតនៅក្នុងប្រទេសវៀតណាម ។ ក្នុងនោះ VinFast សង្ឃឹមថានឹងបើករោងចក្រផលិតនៅរដ្ឋ North Carolina ដែលអាចផលិតរថយន្តបានរហូតដល់ ១៥០ ០០០ គ្រឿងក្នុងមួយឆ្នាំជាមួយការវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារដែលទើបទទួលបានការសាងសង់រោងចក្រដើម្បីចាប់ផ្តើមផលិតរថយន្តទាំងនោះនៅដើមឆ្នាំ ២០២៤ ។
គួរឲ្យដឹងថា រថយន្តអគ្គិសនី VF 8 City Edition Eco បានទទួលការអាប់ដេតផ្នែក software ដោយបានបង្កើនការបើកបរចម្ងាយពី ២៨៨ គីឡូម៉ែត្រ ឡើងទៅ ៣៣៣ គីឡូម៉ែត្រ។ បន្ថែមពីនេះ តម្លៃសម្រាប់ VF 8 ក៏ត្រូវបានកែប្រែផងដែរ ដោយម៉ូដែល City Edition Eco បញ្ចុះតម្លៃ ៥១៧៤ ដុល្លារ និងម៉ូដែល City Edition Plus បញ្ចុះតម្លៃ ៥៤១៣ ដុល្លារ ។
រឿងមួយដែលមិនបានផ្លាស់ប្តូរគឺថាមពលម៉ាស៊ីនដោយម៉ូដែល
- VF 8 City Edition Eco បំពាក់ម៉ូទ័រអគ្គិសនីភ្លោះ ដែលផលិតកម្លាំងបាន ៣៤៩ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ all-wheel drive system អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉េត្រ/ម៉ោង ប្រើពេល ៦,៥ វិនាទី អាចបើកបរបានចម្ងាយ ៣៣៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។
- City Edition Plus បំពាក់ម៉ូទ័រអគ្គិសនីភ្លោះ ដែលផលិតកម្លាំងបាន ៤០២ សេះ និងកម្លាំងរមួល ៦១៩ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ២ all-wheel drive system អាចរត់ស្ទុះពីកុងទ័រ ០-១០០ គីឡូម៉េត្រ/ម៉ោង ប្រើពេល ៥,៥ វិនាទី អាចបើកបរបានចម្ងាយ ៣០៧ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង៕