ក្នុងឆ្នាំ២០២៥កន្លងទៅ ទីផ្សាររថយន្តថ្មីនៅក្នុងប្រទេសកម្ពុជា បានបន្តកើនឡើង ៥៥% ចំណែករថយន្តជជុះ បានថយចុះមកត្រឹម ៤៥%។ នេះបើតាមការចុះផ្សាយរបស់ Fresh News កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ដែលដកស្រង់សម្តីលោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា។

លោកបានអះអាងទៀតថា រថយន្តជជុះ នឹងបន្តថយចុះបន្តទៀតដោយសារតែតម្លៃរថយន្តថ្មី ទាំងនាំចូល និងដំឡើងក្នុងស្រុក មានតម្លៃទាប ប្រហែលនឹងរថយន្តជជុះដែរ។ រថយន្តដែលនាំចូលភាគច្រើន ជារថយន្តលក្ខណៈគ្រួសារ ប្រភេទ Sedan និង SUV និងរថយន្តប្រភេទ MPV។

គួរកត់សម្គាល់ដែរថា កាលពីចុងឆ្នាំកន្លងទៅ រោងចក្រដំឡើងរថយន្ត BYD ទើបតែបានសាងសង់រួចរាល់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គ្រោងនឹងដំឡើងរថយន្តឲ្យបានចំនួន ១ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ ទន្ទឹមនេះ កម្ពុជា ក៏មានរោងចក្រដំឡើងរថយន្ត GAC និង Chevrolet ដែលកំពុងសាងសង់នៅខេត្តកំពង់ឆ្នាំងផងដែរ អាចនឹងរួចរាល់នៅក្នុងឆ្នាំនេះ។
ជាមួយនឹងវត្តមានរោងចក្រផលិត និងដំឡើងរថយន្តជាច្រើនដែលបាននឹងកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជា Ford, Toyota, GTV, Kia និង Isuzu ជាដើម បានធ្វើឲ្យតម្លៃរថយន្តថ្មីៗក្នុងស្រុក កាន់តែធូរថ្លៃសមរម្យ បង្កើតភាពចម្រុះនៃរថយន្តសម្រាប់តម្រូវការផ្សេងៗគ្នារបស់អតិថិជន។


សម្រាប់ការប្រើប្រាស់រថយន្តអគ្គិសនីសុទ្ធនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ក៏មានការកើនឡើងខ្លាំងផងដែរ នោះក៏ដោយសារមានការលើកទឹកចិត្តខ្ពស់ពីរាជរដ្ឋាភិបាល និងជាពិសេសគឺការលេចចេញជាបន្តបន្ទាប់ស្ទើរគ្រប់រាជធានីខេត្តទៅហើយ នូវស្ថានីយបញ្ចូលថាមពល EV ដែលភាគច្រើនជាការវិនិយោគរបស់វិស័យឯកជន៕
























