[ទីផ្សារបរទេស] ដូចដែលបានដឹងហើយថារថយន្តអគ្គិសនីតែងមានតម្លៃជាងរថយន្តប្រភេទុម៉ាស៊ីនពីស្តុង ដូចជារថយន្ត Ford F-150 Lightning ជាដើម។ ស៊េរីកប់ជាងគេនៃរថយន្តនេះមានតម្លៃ ៩១ ០០០ដុល្លារ ខណៈដែល F-150 ធម្មតាដែលថ្លៃជាងគេមានតម្លៃប្រមាណ ៧៥ ០០០ដុល្លារនៅទីផ្សារអាមេរិក។
ទោះយ៉ាងណាការសិក្សាលើការប្រើប្រាស់រយៈពេល៨ឆ្នាំ បានបង្ហាញថារថយន្ត F-150 Lightning សន្សំសំចៃថវិកាបានច្រើនជាងប្រភេទសាំងបានចំនួន ១៧%។ នេះបើផ្អែកតាមការសិក្សារបស់ Atlas Public Policy ហៅកាត់ថា APP។
Atlas Public Policy បានធ្វើការសិក្សាលើការចំណាយចាំបាច់ដែលមានដូចជាថ្លៃចំណាយទិញរថយន្ត, ថ្លៃថែទាំ, ថ្លៃប្រេងឥន្ធនៈ, ថ្លៃពន្ធ, កម្រៃផ្សេងៗ និងការធ្លាក់ចុះនៃតម្លៃរថយន្តផងដែរ។
ពេលទិញដំបូង រថយន្តអគ្គិសនីគឺមានតម្លៃថ្លៃជាងរថយន្តម៉ាស៊ីនសាំង ប៉ុន្តែវាអាចសន្សំសំចៃថវិកាបានច្រើនលើ ការថែទាំ និងថ្លៃប្រេងឥន្ធនៈ។ ការសាកភ្លើងរថយន្តអគ្គិសនីគឺចំណាយតិចជាងការចាក់ប្រេងឥន្ធនៈ ហើយដោយសារគ្រឿងបន្លាស់ដែលផ្លាស់ទីមានតិច ដូចនេះការថែទាំក៏ចំណាយតិចតាមហ្នឹងដែរ។ រយៈពេលប្រើប្រាស់៨ឆ្នាំនេះ គេប៉ាន់ស្មានថាមួយឆ្នាំអ្នកប្រើប្រាស់បើកបររថយន្តជាមធ្យមចម្ងាយ ២,៤ម៉ឺនគីឡូម៉ែត្រ។
ក្រៅពីសិក្សាលើរថយន្ត Ford F-150 ទាំងពីរប្រភេទ ក្រុមហ៊ុន APP ក៏បានសិក្សាលើរថយន្ត Volkswagen ID.4 ប្រៀបជាមួយរថយន្ត Honda CR-V ដោយឃើញថារថយន្តអគ្គិសនីសន្សំថវិកាបានប្រសើរជាង ១៥% ហើយរថយន្ត Tesla Model 3 សន្សំបាន ៥% ធៀបនឹង Lexus ES 250 ខណៈដែល Chevrolet Bolt សន្សំបាន ៦,៤% ធៀបនឹង Toyota Corolla៕