កាលពីពេលថ្មីនេះ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Audi បានបញ្ចេញម៉ូដែល A6 ស៊េរីឆ្នាំ ២០១៩ របស់ខ្លួនជាផ្លូវការ។
Audi A6 ជំនាន់ទី ៨ នេះ បានរចនារូបរាងកាត់តាមម៉ូដែល A7 និង A8 ប៉ុន្តែការផ្លាស់ប្ដូរ គឺ មានភាពច្បាស់លាស់ និងសមសួន។ វាមានទំហំធំជាងម៉ូដែលមុនបន្តិចបន្តួច គឺ ទំហំ ០,៥ អ៊ីញ , ប្រវែង ០,៣ អ៊ីញ និង កម្ពស់ ០,១ អ៊ីញ។ Audi បានធ្វើឲ្យផ្នែកខាងក្រោយកាន់តែប្រសើរ និងមានកន្លែងដាក់ជើងកាន់តែធំទូលាយជាងមុនទៀតផង។
នៅផ្នែកខាងមុខ A6 បានប្រកាន់ខ្ជាប់នូវការរចនាបែបទាន់សម័យ ដោយយកគំរូប៉ាណាមុខធំតាម ម៉ូដែល A7 និងមានចង្កៀងមុខរាបស្មើ ហើយមានកន្លែងស្រូបខ្យល់ចេញចូលធំ ជួយឲ្យរថយន្តកាន់តែកាលីប។ វាមានជម្រើសចង្កៀងមុខចំនួន ៣ ខណៈជម្រើសខ្ពស់ជាងគេ គឺ Matrix LED។
ដោយឡែក កាប៊ីនខាងក្នុងបានខ្ចីស្ទើរតែគ្រប់យ៉ាង ពីម៉ូដែល A7 ដែលវាជាចំណុចល្អខ្លាំងបំផុត។ ផ្នែកខាងក្នុងរបស់ A6 មានបំពាក់អេក្រង់ចំនួន ៣ គឺ អេក្រង់ Infotainment ទំហំ ១០,១ អ៊ីញ ជាមួយប្រព័ន្ធ MMI , អេក្រង់ទំហំ ៨,៦ អ៊ីញ នៅផ្នែកកណ្ដាល ប្រើសម្រាប់គ្រប់គ្រងម៉ាស៊ីនត្រជាក់ និង មុខងារផ្សេងៗទៀត និង អេក្រង់តាប្លូទំហំ ១២,៣ អ៊ីញ ជាមួយបច្ចេកវិទ្យា Audi’s Virtual Cockpit។
អ្វីដែលរឹតតែអស្ចារ្យនោះគឺ Audi A6 ស៊េរីឆ្នាំ ២០១៩ នេះ បានបំពាក់បច្ចេកវិទ្យាជំនួយការបើកបរកម្រិតខ្ពស់ ដោយប្រើ Radar Sensor ៥ គ្រាប់ , កាមេរ៉ា ៥ គ្រាប់ , Ultrasonic Sensor ១២ គ្រាប់ និង Laser Scanner មួយ សម្រាប់កញ្ចប់ Option ជំនួយការចត (Park Assist)។
A6 ជំនាន់ទី ៨ ដ៏ថ្មីស្រឡាងនេះ នឹងមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ Turbocharged TFSI ទំហំ ៦ ស៊ីឡាំង មានកម្លាំង ៣៤០ សេះ ប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ៧ វគ្គ ប្រភេទ S Tronic Transmission និងប្រើប៉ុង ២ (AWD)។ សន្ទុះពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង វាប្រើពេលត្រឹមតែ ៥,១ វិនាទីប៉ុណ្ណោះ ហើយអាចរត់ដល់ល្បឿនអតិបរិមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ចំណែកឯមួយទៀតវិញ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,០ លីត្រ TDI ទំហំ ៦ ស៊ីឡាំង មានកម្លាំង ២៨៦ សេះ ប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិ ៨ វគ្គ និងប្រព័ន្ធបើកបរប៉ុង ២ Quattro AWD។
Audi A6 ស៊េរីឆ្នាំ ២០១៩ មានតម្លៃចាប់ពី ៧០ ៩៤៥ ដុល្លារឡើងទៅ៕